ព័ត៌មានជាតិ

សម្ដេចតេជោ ៖ សម រង្ស៊ី និង មូ សុខហួរ មិនអាចឈរបោះឆ្នោតសកល នៅឆ្នាំ២០៣២

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា លោក សម រង្ស៊ីដែលសម្តេចបានហៅថា ជាជនក្បត់ជាតិ៣ជំនាន់ និងលោកស្រី មូ សុខហួរដែលសម្តេចឲ្យងារ ជាយាយសក់នោះ មិនអាចឈរបោះឆ្នោតតំណាងរាស្ដ្រ នៅឆ្នាំ២០៣២ បានឡើយ ព្រោះអ្នកទាំងពីរ មិនបានបំពេញលក្ខខណ្ឌ ចូលរួមបោះឆ្នោតតំណាងរាស្ដ្រឆ្នាំ២០២៧ និងបោះឆ្នោតឃុំ-សង្កាត់២០២៨។

សម្ដេចនាយករដ្ឋមន្ដ្រីអះអាងពីចំណុចមិនអាចឈរបោះឆ្នោតសកលនៅឆ្នាំ២០៣២បានដោយសារពួកគេ មិនបានចូលរួមបោះឆ្នោតតំណាងរាស្ដ្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២៧ ដូច្នេះគឺគ្មានសិទ្ធិឈរបោះឆ្នោតតំណាងរាស្ដ្រ ឆ្នាំ២០២៨ ឡើយ។ សម្ដេចក៏បានចោទសួរថា តើអ្នកណា ជាអ្នកខាតបង់?។ ការលើកឡើងសម្តេចនេះ ក្រោយពីការប្រកាសធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។

នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃ១៦ មិថុនា សម្ដេចតេជោបានប្រសាសន៍ថា ដើម្បីបំពេញលក្ខខណ្ឌមកឈរឈ្មោះបោះឆ្នោត នៅឆ្នាំ២០៣២បាន គឺត្រូវមកបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២៧ និងបោះឆ្នោតតំណាងរាស្ដ្រ នៅឆ្នាំ២០២៨ ប៉ុន្តែបុគ្គលទាំង២គឺ លោក សម រង្ស៊ីនិងលោកស្រី មូ សុខហួរ ចង់ធ្វើជានាយករដ្ឋមន្រ្តីតាមបែបស្រមើលស្រមៃមិនអាចឈរឈ្មោះបោះឆ្នោតបានឡើយ ។

សម្ដេចគូសបញ្ជាក់ថា «ដើម្បីស្ដារនីតិសម្បទាឡើងវិញ តើអ្នកឯងត្រូវម៉េច? អ្នកឯងត្រូវមកចូលរួមបោះឆ្នោតឲ្យគេនៅឆ្នាំ២០២៧ បោះឆ្នោតឃុំ-សង្កាត់ និងបន្ទាប់ទៅ គឺត្រូវបោះឆ្នោតឲ្យគេនៅឆ្នាំ២០២៨ ដើម្បីគ្រប់លក្ខខណ្ឌឈរឈ្មោះនៅឆ្នាំ២០៣២។ អីចឹងសួរថា ឆ្នាំ២០៣២ អាប្រែតរាល់ថ្ងៃនេះ (សម រង្ស៊ី) អាយុប៉ុន្មាន? ហើយលោកជំទាវ សក់សហើយនោះ (មូ សុខហួរ) អាចឈរនៅឆ្នាំ២០៣២ បានឬអត់? អីចឹងលោកឯង បំពេញលក្ខខណ្ឌទៅ អ្នកដែលចង់ឈរបោះឆ្នោតបាននៅឆ្នាំ២០៣២ អ្នកទាំងនោះ ក៏មកបំពេញលក្ខខណ្ឌ ។ ឥឡូវនេះអ្នកទាំងនោះហួសពេលហើយ ប៉ុន្ដែអ្នកនៅខាងក្នុងអាចត្រូវពេល។ គេបោះឆ្នោតសកល នៅឆ្នាំ២០២៣ សម្រាប់ជ្រើសរើសតំណាងរាស្ដ្រ និងបោះឆ្នោតសកលឆ្នាំ២០២៧ បោះឆ្នោតដើម្បីជ្រើសរើសឃុំ-សង្កាត់ អីចឹងគ្រប់លក្ខខណ្ឌបោះឆ្នោតឆ្នាំ២០២៨ ប៉ុន្ដែពួកអាភ្លើ មីភ្លើ នៅខាងក្រៅ គឺចប់ហើយ»។

សម្ដេចបន្ថែមថា នៅឆ្នាំ២០៣២ សម្ដេចនឹងមានអាយុ៨០ឆ្នាំ ទោះបីយ៉ាងណាក៏ដោយសម្ដេចប្រកាសថាក៏មិនធ្វើនាយករដ្ឋមន្ដ្រីដល់អាយុ៨០ឆ្នាំដែរ៕

To Top