ព័ត៌មានជាតិ

សម្តេចតេជោ ៖ ហ៊ុន ម៉ាណែត ឡើងតាមណាស្អីក៏ដោយ ឲ្យតែធ្វើនាយករដ្ឋមន្ត្រីស្របច្បាប់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៅក្រុមមនុស្ស មួយចំនួន ដែលចាំតែអង្គុយទើស ចំពោះបេក្ខភាព ជានាយករដ្ឋមន្រ្តី របស់លោក ហ៊ុន ម៉ាណែតថា ទោះបីហ៊ុន ម៉ាណែតឡើងតាមជើងខោ ឬតាមស្អីក៏ដោយឲ្យតែធ្វើនាយករដ្ឋមន្ត្រី នៅកម្ពុជាស្របច្បាប់ ហើយកុំសង្ឃឹមពួកប្រឆាំង បានធ្វើនាយករដ្ឋមន្ត្រីឲ្យសោះ ។

ការបញ្ជាក់របស់សម្តេចតេជោបែបនេះ បន្ទាប់ពីក្រុមប្រឆាំង នៅក្រៅប្រទេសបានលើកឡើងជាថ្មីទៀត កាលពីរាត្រីថ្ងៃ១៥ មិថុនា តាមរយៈវិទ្យុបរទេសថា លោក ហ៊ុន ម៉ាណែតបេក្ខជនអនាគតនាយករដ្ឋមន្ត្រីកម្ពុជា បានឡើងតាមជើងខោឪពុកខ្លួនប៉ុណ្ណោះ គ្មានសមត្ថភាពអ្វីនោះទេ ។ ប៉ុន្តែចំណុចនេះ សម្តេចវាយបកភ្លាមៗថា កូនប្រុស សម្តេចរូបនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ អ្វីកាន់តែពិសេស ដែលពួកប្រឆាំងគ្មានដូចម៉ាណែត គឺថា ម៉ាណែតជាអ្នកចេះលោត ឆ័ត្រយោង តើក្រុមប្រឆាំងធ្វើដូចម៉ាណែត បានឬអត់? ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃ១៦ មិថុនា សម្តេចតេជោ បាន រំលឹកថា សម្តេចនឹងមិនធ្វើ នាយករដ្ឋមន្ត្រី ដល់ឆ្នាំ២០៣២នោះទេ ដោយសារពេលនោះសម្តេចមានអាយុ៨០ឆ្នាំហើយ។ សម្តេចបញ្ជាក់ថា «ខ្ញុំមិនធ្វើដល់អាយុ៨០ឆ្នាំទេ !មានអាមួយនោះនិយាយថា ហ៊ុន ម៉ាណែត ឡើង តួនាទីតាមជើងខោ «…»ឥឡូវអញសួរហ្ហែងឲ្យច្បាស់ពិសេសនោះ អាជុន ច័ន្ទបុត្រសម្ភាសន៍ ជាមួយអាក្មេងពាលមួយ និងអ្នកម្នាក់ទៀត ។ អាក្មេងពាលនិយាយថា ហ៊ុន ម៉ាណែត ឡើងតាមជើងខោ»។

សម្តេចតេជោបានគូសបញ្ជាក់ថា «សូមប្រាប់ថា ហ៊ុន ម៉ាណែតឡើងតាមជើងខោក៏ដោយ តាមស្អីក៏ដោយឲ្យតែស្របច្បាប់ ភាពស្របនៅទីនេះ គឺឥឡូវនេះហ៊ុន ម៉ាណែតបានសុំច្បាប់ពិសេស ដោយមិនកាន់កងទ័ពនោះទេ ។ អីចឹងបានអត់ឃើញវត្តមាននៅពេលសម្ពោធកងពលលេខ៧០កន្លងមក។ តម្រូវឲ្យសុំច្បាប់ពិសេសដូច្នេះ ហ៊ុន ម៉ាណែតត្រូវធ្វើកិច្ចការបក្សមិនមានពាក់ឯកសណ្ឋាកងទ័ពទេ” ។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងថា លក្ខខណ្ឌដែលធ្វើនាយករដ្ឋមន្ត្រី នៅកម្ពុជាបានដំបូងបំផុត គណបក្សនយោបាយរបស់ខ្លួន ត្រូវជ្រើសរើសបេក្ខជននាករដ្ឋមន្ត្រី “គណបក្សប្រជាជន មានមនុស្សច្រើនណាស់ តែបញ្ហាសំខាន់បំផុត ហ៊ុន ម៉ាណែត ជាកូន ហ៊ុន សែនតែប៉ុណ្ណឹងទេ ក៏ប៉ុន្តែបើទោះបីជាមិនមែនកូនក៏យើងត្រូវរើសយកដែរ ព្រោះមានគ្រប់លក្ខខណ្ឌសម្បត្តិគ្រប់គ្រាន់ ហើយបានជ្រើសរើសរយៈពេល២ឆ្នាំមកហើយ”

សម្តេចបន្តថា បេក្ខជន នាយករដ្ឋមន្ត្រី គឺអ្នកនោះត្រូវតែជាប់ឆ្នោត ជាអ្នកតំណាងរាស្ត្រដែលពេលនេះហ៊ុន ម៉ាណែត ជាបេក្ខជនឈរឈ្មោះ នៅមណ្ឌលភ្នំពេញ។ កាបោះឆ្នោតសមាមាត្រមិនពិបាក សម្រាប់ធ្វើនាយករដ្ឋមន្ត្រីទេ ។ បន្ទាប់មកត្រូវទទួលបានព្រះមហាក្សត្រ តាំងតែធ្វើជានាយករដ្ឋមន្ត្រី បន្តមកទៀតដើម្បីឲ្យក្លាយជា នាយករដ្ឋមន្ត្រីផ្លូវការ ត្រូវរៀបចំគណៈរដ្ឋមន្ត្រី ដោយផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងបន្ទាប់មកទៀត ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។

សម្តេចបានលើកឡើងទៀតថា ករណីលោកហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រីនេះ បើមិនអាចធ្វើក្រោយបោះឆ្នោតឆ្នាំ២០២៣នេះបានទេ លោក ហ៊ុន ម៉ាណែត នៅតែជាអ្នកតំណាងរាស្ត្រធម្មតាប៉ុណ្ណោះ ៕

To Top