ព័ត៌មានជាតិ

ការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជាការងារចាំបាច់ ដើម្បីរួមចំណែក រក្សាសុវត្ថិភាព ពេលធ្វើដំណើរ របស់បងប្អូនកម្មករនិយោជិត

កំពត៖ ការចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត គឺជាការងារមួយដ៏ចាំបាច់ ដែលយើងត្រូវបន្តធ្វើជាប្រចាំ ដើម្បីរួមចំណែករក្សានូវសុវត្ថិភាព ក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ព្រោះកន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាព ត្រង់ផ្លូវប្រសព្វ ការបើកបរជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង បត់ស្ដាំ បត់ត្រឡប់ក្រោយមិនបានត្រឹមត្រូវ មិនប្រកាន់ស្ដាំ និងមិនបានត្រួតពិនិត្យ យានយន្ដតាមលក្ខណៈបច្ចេកទេស។

នេះជាការថ្លែងឡើងពីសំណាក់លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ក្នុងឱកាសអញ្ជើញជាអធបតីភាព បើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត នៅរោងចក្រ PU CHEN (Cambodia) ស្ថិតក្នុងស្រុកកំពង់ត្រាច នៃទឹកដីខេត្តកំពត នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ។

លោកបណ្ឌិតអគ្គនាយករង ក៏បានថ្លែងជំរុញលើកទឹកចិត្ត ដល់គ្រប់ក្រសួង ស្ថាប័ន ឬផ្នែកពាក់ព័ន្ធត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យកាន់តែទំលំទូលាយ និងបញ្ជ្រាបនូវហានិភ័យ ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ឱ្យគ្រប់គ្នាបានដឹងជាប្រចាំ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមជាមួយគ្នានេះ ក៏តម្រូវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស មានការចូលរួមទាំងអស់គ្នា ព្រោះនៅពេលដែលគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសមានការធ្លាក់ចុះមកនៅកម្រិតទាប ក៏ជាចំណែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនផងដែរ។

លោកបណ្ឌិតអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ និងជួយបង្កើនចំណេះដឹង ឱ្យកាន់តែច្បាស់លើផ្នែកទ្រឹស្តីវិជ្ជាជីវៈ ការចូលរួមអនុវត្តច្បាប់ សីលធម៌ក្នុងពេលបើកបរ ជូនដល់បងប្អូនអ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត លើការការពារសុវត្ថិភាពរបស់ខ្លួន។

មានប្រសាសន៍ក្នុងពិធីនេះ អភិបាលរង នៃគណៈអភិបាលខេត្តកំពត លោក ខៀវ រិទ្ធិភ័ណ្ឌ ក៏បានថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំ កម្មវិធីនេះឡើង ពិសេសអំពាវនាវដល់បងប្អូនទាំងអស់ ឱ្យចូលរួមយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ និងក្រើនរំលឹកដល់បងប្អូន កម្មករនិយោជិតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលចេញដំណើរ កាន់ចង្កូតឡាន ចង្កូតម៉ូតូ ត្រូវចងចាំថាអាយុជីវិតបងប្អូន គឺពឹងនៅលើអ្នកបើកបរ មធ្យោបាយប្រើប្រាស់ និងនៅលើដងផ្លូវ ដែលទាមទារដាច់ខាតនូវការគោរពច្បាប់ចរាចរណ៍ ការពិនិត្យបច្ចេកទេសយានយន្ដ និងស្ថានភាពផ្លូវ ដែលកំពុងប្រើប្រាស់។

គួរបញ្ជាក់ឱ្យដឹងថា៖ ក្នុងឆ្នាំ២០២៣ នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃ ប.ស.ស. បានចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងខេត្តចំនួន៧ រួចមកហើយ ក្នុងនោះរួមមាន ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលមានបងប្អូនអ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត បានចូលរួមសរុបប្រមាណជិត ៣០០០នាក់៕

To Top