ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេីកឡេីងថា កម្ពុជា អភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យទេសចរណ៍មកកម្ពុជា ធានាបានទាំងសុវត្ថិភាព និងសុខភាពល្អ។
សម្ដេចតេជោ ហ៊ុន សែន លេីកឡេីងបែបនេះនាឱកាសអញ្ជេីញទទួលជួបពិភាក្សាការងារជាមួយលោក ស៊ូរ៉ាប់ ប៉ូឡូ លីកាស់ វីលី (Zurab polo likashvili ) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះដែរ លោក ស៊ូរ៉ាប់ បានសម្ដែងនូវការគោរពជូនចំពោះ សម្ដេចតេជោ មានទស្សនៈវែងឆ្ងាយសម្រាប់វិស័យទេសចរណ៍ និងមានការប្ដេជ្ញាចិត្តខ្ពស់សម្រាប់វិស័យទេសចរណ៍ ជាអាទិ៍៖ ការគាំទ្រក្រុមការពារទេសចរណ៍ និងជាពិសេស ការជួយអ្នកទេសចរណ៍ដែលជាប់នៅលើកប៉ាល់ Westerdam អនុញ្ញាតឲ្យកប៉ាល់បានចុះចតនៅកម្ពុជា ក្នុងពេលដែលប្រទេសដទៃ មិនឲ្យចូលចត ដែលខ្លាចការឆ្លងជំងឺកូវីដ-១៩ ។
លោក បានអបអរសាទរជូនដល់ សម្ដេចតេជោ ចំពោះការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំ២០២២ បានយ៉ាងជោគជ័យ និងថ្មីៗនេះ បានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម , អាស៊ានប៉ារ៉ាហ្គេម បានជោគជ័យយ៉ាងត្រចះត្រចង់ ដែលទាំងនេះសុទ្ធតែមានការតភ្ជាប់ជាមួយវិស័យទេសចរណ៍ដោយផ្ទាល់ផង និងដោយប្រយោជន៍ផង ។
លោក អគ្គលេខាធិការ ក៏បានជម្រាប សម្ដេចតេជោ ថា អង្គការទេសចរណ៍ពិភពលោក និងបន្តគាំទ្រកម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រមការពារទេសចរណ៍ មានសារៈសំខាន់ណាស់សម្រាប់ផ្ដល់ការការពារ ជំនឿទុកចិត្តដល់ទេសចរណ៍មកកាន់កម្ពុជា។ សម្ដេច ថា “លើសពីនោះទៅទៀត កម្ពុជា បានអភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ធ្វើយ៉ាងណាឲ្យទេសចរណ៍មកកម្ពុជា ធានាបានទាំងសុខសុវត្ថិភាពផង ទាំងសុខភាពល្អផង”។
ចំពោះកប៉ាល់ Westerdam , សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការងារមនុស្សធម៌ និងជាការទទួលខុសត្រូវ ជួយដល់ជីវិតមនុស្សនៅពេលនោះ ខណៈដែលមិនមានប្រទេសណាអនុញ្ញាតឲ្យកប៉ាល់ចូលចតទេ។ ប្រសិនបើកម្ពុជា មិនអនុញ្ញាតឲ្យចូលចតទេនោះ ជីវិតមនុស្សនៅលើកប៉ាល់នោះ គឺនឹងអាណោចអាធម្មខ្លាំងណាស់ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការទេសចរណ៍ពិភពលោក ដែលមានជំនឿលើកម្ពុជា មកប្រជុំនៅកម្ពុជា កសាងនូវភាពជោគជ័យថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍ ហើយក្រុមការពារទេសចរណ៍នេះ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យបានល្អ៕