ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំឱ្យផ្សព្វផ្សាយពីការបោះឆ្នោតជូនប្រជាពលរដ្ឋធ្វើចំណាកស្រុក ទាំងក្នុង និងក្រៅប្រទេស ដេីម្បីពួកគាត់ត្រៀមឯកសារអញ្ជើញទៅបោះឆ្នោតនាពេលខាងមុខបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកសង្កែ ព្រមទាំងថ្នាក់ដឹកនាំឃុំ និងភូមិ អញ្ជើញមកពីស្រុកបាណន់ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងថា “ចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដែលបានធ្វើចំណាកស្រុក ទាំងនៅក្នុង និងក្រៅប្រទេស សូមត្រៀមឯកសារដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាលើកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នាំមកនូវសុខសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍជាតិ ដូចដែលកម្ពុជាបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៣មក”។
ផ្អែកលើមូលដ្ឋាននេះ សម្ដេច ស ខេង បានលេីកឡេីងពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។
សម្ដេច ក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ៕