ភ្នំពេញ៖ តបតាមការអញ្ជើញ របស់លោកដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសថៃ។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា«ជំនួបផ្លាស់ប្តូរយោបល់ ដោយផ្ទាល់ ខាងលើ នឹងរួមចំណែកដល់ការរិះរក មធ្យោបាយនានា ដើម្បីតាមដាននូវអនុសាសន៍ ដែលបានលើកឡើង ដោយថ្នាក់ដឹកនាំមួយចំនួន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ កាលពីខែឧសភា ឆ្នាំ២០២៣ និងជំរុញបន្ថែមទៀត នូវការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ ចំណុច (5PC) ព្រមទាំងការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត ១៥ ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច»៕