ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ កំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា។
តាមរយៈសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ)។ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ឆ្នាំ២០២៣ ដើម្បីបោះឆ្នោត។
គ.ជ.ប បន្ដថា ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនឹងត្រូវធ្វើជូនប្រជាពលរដ្ឋរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត។
គ.ជ.ប បន្ថែមថា ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ និងកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស សូមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ តាមកាលបរិច្ឆេទដែលបានកំណត់កុំបីខាន។
គ.ជ.ប គូសបញ្ជាក់ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អញ្ជើញមកបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួន ហើយ គ.ជ.ប ស្នើសុំការសហការពីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ មេត្តាជួយផ្សព្វផ្សាយសេចក្តីអំពាវនាវនេះដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសឲ្យបានទូលំទូលាយ»៕