ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ក្រុមការងាររាជរដ្ឋាភិបាល បានបំពេញបេសកកម្ម ចុះតាមខ្នងផ្ទះពលរដ្ឋ ដើម្បីស្ដាប់បញ្ហាប្រឈមនានា

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញបេសកកម្ម ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ និងរៀបចំវេទិកាសាធារណៈ សំដៅស្វែងយល់នូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន។

នាឱកាសអញ្ជើញបើកកិច្ចប្រជុំបូក សរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេច ស ខេង មានប្រសាសន៍ថា «ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញបេសកកម្ម ចុះមូលដ្ឋានដល់ភូមិ ឃុំ សង្កាត់ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ និង រៀបចំវេទិកាសាធារណៈ ទៅតាមមូលដ្ឋានានា សំដៅធ្វើការស្វែងយល់ ជាក់ស្ដែងនូវបញ្ហាប្រឈមនានា របស់មូលដ្ឋាន និងក្ដីកង្វល់ សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ»។

សម្ដេច បន្ដថា ពិសេស ដើម្បីសម្របសម្រួលជំរុញដល់ក្រសួង-ស្ថាប័ន មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ការចូលរួមជំរុញការអភិវឌ្ឍន៍មូលដ្ឋាន ដូចជាការចូលរួមជំរុញល្បឿននៃកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។

លើសពីនេះ សម្ដេច ស ខេង ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ជាសមាជិក សមាជិការ នៃរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ បានធ្វើការប្ដេជ្ញាចិត្តគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពក្រុមការងារចុះមូលដ្ឋានានា នៅទូទាំងប្រទេសដែលបានរួមគ្នាថែរក្សា ពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍសង្គមលើគ្រប់វិស័យ សំដៅឈានឆ្ពោះទៅសម្រេចបានជោគជ័យ នៅកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

សម្ដេច ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផល ដែលសម្រេចបានខាងលើនេះ ក៏បានកត់សម្គាល់ឃើញ ពីបញ្ហាប្រឈមមួយចំនួន ទាំងបញ្ហាប្រឈមក្នុងរបៀបរបបបំពេញការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងបញ្ហាប្រឈម នៃក្ដីកង្វល់ សំណើ សំណូមពរមួយចំនួនទៀត ដែលប្រជាពលរដ្ឋបានលើកឡើង ហើយមិនទាន់បានដោះស្រាយ និងឆ្លើយតបឱ្យសមស្របនៅឡើយ៕

To Top