ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ក្រោយបោះឆ្នោតតំណាងរាស្ដ្ររួច ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន នឹងរៀបចំឡើងវិញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ក្រោយបោះឆ្នោតជ្រើសរើស តំណារាស្ដ្ររួច ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត នឹងត្រូវរៀបចំឡើងវិញ ដើម្បីធ្វើយ៉ាងណា ឱ្យមានសមាជិករាជរដ្ឋាភិបាល ចុះទៅតាមបណ្ដាខេត្តនានាបន្ដទៀត។

ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបន្តថែរក្សាពង្រឹងសុខសន្ដិភាព ស្ថិរភាព និងរក្សាការពារសណ្ដាប់ធ្នាប់ នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីបន្តជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាជន ជាពិសេស ត្រូវបង្កបរិយាកាសល្អប្រសើរ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។

សម្ដេចតេជោ បន្ថែមថា ត្រូវសហការអប់រំ បំផុស លើកទឹកចិត្តប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវចូលរួមគោរពអនុវត្តឱ្យបានត្រឹមត្រូវនូវច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត សំដៅរួមគ្នាធានាឱ្យមានបោះឆ្នោត ខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីបន្តជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

សម្ដេចតេជោ លើកឡើងថា ត្រូវពង្រឹង និងចាត់វិធានការស្របតាមច្បាប់ដើម្បីការពារ រារាំងគ្រប់សកម្មភាពដែលប៉ុនប៉ងបំផ្លាញដល់ដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ ព្រមទាំង ត្រូវខិតខំរួមគ្នាធានាប្រក្រតីភាព និរន្តភាព និងប្រសិទ្ធភាព ការងារនៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព ដោយបង្កើនការយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវាសាធារណៈ ជាមួយនឹងការដោះស្រាយសំណូមពរនានា របស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព រហូតដល់រាជរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែង។

សម្ដេចតេជោ លើកឡើងទៀតថា បន្ទាប់ពីចូលកាន់តំណែង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាព និងពិនិត្យ កែសម្រួលក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ឱ្យបានសមស្រប និងបន្ដដាក់ចេញនូវគោលការណ៍ និងវិធានការនានា ដើម្បីបន្ដពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ក្រុមការងារចុះមូលដ្ឋានបន្ដទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា «តើអ្នកណា នឹងចុះទៅណា? ក្រោយការបោះឆ្នោត នឹងត្រូវរៀបចំឡើងវិញ ព្រោះអ្នកខ្លះនៅបន្ដ អ្នកខ្លះមិននៅបន្ដ ដើម្បីធ្វើយ៉ាងណាឱ្យមានសមាជិករាជរដ្ឋាភិបាល ចុះទៅតាមខេត្តនានាបន្ដទៀត ហើយផ្សារភ្ជាប់ខ្លួនជាមួយមូលដ្ឋាន»៕

To Top