ព័ត៌មានជាតិ

រដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ អំពាវនាវឲ្យអតីតយុទ្ធជន បន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋល្អឆ្នើម របស់ជាតិមាតុភូមិ

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដា្ឋន ស្រុកព្រៃឈរ និងស្រុកបាធាយ បានថ្លែងបានអំពាវនាវ ដល់អតីតយុទ្ធជនទាំងអស់ ឲ្យបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាប្រជាពលរដ្ឋល្អឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ និងកូនចៅជំនាន់ក្រោយ ។

ក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន ៤៣៩នាក់ នាថ្ងៃ២០ មិថុនានេះ លោក ប៉ាន សូរស័ក្តិ អំពាវនាវដល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនស្រុក ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាទាន់ពេលវេលា។

លោករដ្ឋមន្ត្រីបានប្រកាសគាំទ្រ និងប្តេជ្ញាខិតខំយកចិត្តទុកដាក់ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ តាមសារអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី និងសូមថ្លែងអំណរគុណ ចំពោះប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដែលបានរួមចំណែកជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកន្លងមក។

ក្នុងឱកាសនោះដែរ លោកបានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកព្រៃឈរ ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃ ជាពិសេសទប់ស្កាត់មិនឲ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មីទៀត នាអំឡុងទសវត្សឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨៕

To Top