ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ លោកឧកញ៉ា ឃាង ពុទ្ធី បានអំពាវនាវដល់ភាគីពាក់ព័ន្ធជាអ្នកអនុវត្តច្បាប់ ត្រូវដាក់ទោសទណ្ឌឲ្យបានតឹងរឹងបំផុតចំពោះជនឆបោកអចលនទ្រព្យ ដោយកុំលើកលែងនិងបន្ទូរបន្ថយឲ្យសោះ ព្រោះបើពុំដូច្នេះទេ ជនទាំងនោះនឹងមិនរាងចាលឡើយ។ នេះជាការថ្លែងរបស់លោកក្នុងសិក្ខាសាលា ស្ដីពី “ហានិភ័យ និងដំណោះស្រាយ លើការប្រកបអាជីវកម្ម អចលនវត្ថុនៅកម្ពុជា នាពេលបច្ចុប្បន្ន” កាលពីថ្ងៃ១៧ មិថុនា ។
នាឱកាសនោះដែរលោកឧកញ៉ាក៏បានលើកជាសំណួរហាក់ងើយឆ្ងល់ដោយខ្លួនឯងថា ហេតុអី្វបានជាវិស័យអចលនទ្រព្យនៅកម្ពុជា មានភាពជាប់គាំងនិងមានជនឆបោកច្រើន? តែបញ្ហាទាំងនេះលោកក៏បានលើកឡើងថា មិនអាចដាក់កំហុសទៅអ្នកណាមួយបានទេ ពីព្រោះនៅតែងតែខ្វះចន្លោះប្រហោងទាំងអ្នកអភិវឌ្ឍន៍និងអាជ្ញាធរពាក់ព័ន្ធ (នៅប្រទេសរីកចម្រើន សិង្ហបុរី ,ម៉ាឡេស៊ី២០ឆ្នាំដំបូង ក៏ជួបបញ្ហានេះដែរ)។
លោកឧកញ៉ាបន្តថា កំហុសរបស់អ្នកអភិវឌ្ឍន៍អចលនព្រទ្យ ដោយសារតែចង់ឲ្យគម្រោងរបស់ខ្លួនលក់ដាច់បានច្រើន រហូតដល់អនុញ្ញាតឲ្យមានការបង់រំលស់ លើការប្រាក់សូន្យភាគរយ និងមិនមានការសិក្សាអំពីលទ្ធភាពរបស់អតិថិជនរបស់ខ្លួនឲ្យបានច្បាស់លាស់។ រីឯចំពោះអ្នកទិញវិញក៏មានកំហុសដែរ ។ កំហុសនោះត្រង់ថា មិនបានប៉ាន់ប្រមាណអំពីលទ្ធភាពនៃការបង់ប្រាក់សងរយៈពេលវែង និងមិនបានសិក្សាឲ្យបានច្បាស់លាស់ ចំពោះកិច្ចសន្យាមុននឹងទិញ។
លោកឧកញ៉ាថា ចំពោះបញ្ហានេះ ត្រូវចូលរួមឲដោះស្រាយទាំងអស់គ្នា មិនត្រូវគិតតែអង្គុយចាំបន្ទោសគ្នានោះទេ។
លោកឧកញ៉ាក៏ផ្តាំថា ការវិនិយោគលើវិស័យអចលនទ្រព្យនេះ កុំងាយនិងជឿពាក្យសម្ដីគេពេក (អ្នកលក់) គឺដាច់ខាតត្រូវពិនិត្យមើលរាល់ឯកសារជាប់ពាក់ព័ន្ធ ដូចជា ៖ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ចេញពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំហើយឬនៅ (អាជ្ញាប័ណ្ណ) និងសិក្សាទីតាំងភូមិសាស្រ្តឲ្យបានច្បាស់លាស់ ចៀសវាងនាំឲ្យខាតបង់ទាំងថវិកានិងពេលវេលា។ ត្រូវពិនិត្យមើលហិរញ្ញវត្ថុខ្លួនឯង ,ទិញដី ,ទិញផ្ទះ និងដាច់ខាតត្រូវពិនិត្យមើលប័ណ្ណកម្មសិទ្ធិឲ្យបានត្រឹមត្រូវ មុនធ្វើការទិញ។
លោកឧកញ៉ា លើកឡើងទៀតថា មួយរយៈចុងក្រោយនេះវិស័យអចលនទ្រព្យនៅលើពិភពលោកមានការប្រែប្រួល អាចនិយាយបានថា បើសិក្សាតាមលក្ខណៈវិទ្យាសាស្រ្ត ដោយមិននិយាយតាមលក្ខណៈវិនិយោគ ដែលជាដំណាក់កាលនៃការកែតម្រូវ នៅពេលដែលមានតម្លៃធ្លាក់ចុះៗ ហើយបើសិនមិនមានវិធានការច្បាស់លាស់ទេគឺដល់ដំណាក់ការមួយនឹងធ្វើឲ្យជាប់គាំង៕





