ព័ត៌មានជាតិ

ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម នៅកោះកុង ជាង២១លានម៉ែត្រក្រឡា ត្រូវបានបោសសម្អាត

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងឲ្យដឹងថា គិតត្រឹម ខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមនៅខេត្តកោះកុង ចំនួន ២១.១៨៨.៦២០ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួចរាល់ ខណៈនៅបន្តសល់ផ្ទៃដី សង្ស័យមានមីនចំនួន ២២.៨៤៦.៥៨៥ ម៉ែត្រក្រឡា ស្មើនឹង ៣៥៥ ចម្ការមីន ។

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ទេសរដ្ឋមន្ត្រី លី ធុជ បានជួបសំណេះសំណាល ជាមួយកងកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) កំពុងប្រតិបត្តិការបោសសសម្អាតមីន នៅខេត្តកោះកុង សម្រាប់ឆ្នាំ២០២៣ គាំទ្រពី “មូលនិធិកម្ពុជា គ្មានមីនឆ្នាំ២០២៥” លើទំហំផ្ទៃដី មានមីនសរុបចំនួន ៣.០២៩.៨១៩ ម៉ែត្រក្រឡា ស្មើនឹង ៣៧ ចម្ការមីន ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។

លោកមានប្រសាសន៍ថា ជាមួយនឹងលទ្ធផល នៃការងារបោសសម្អាតមីននេះ តំបន់ប្រវត្តិសាស្រ្ត សម្តេចពិជ័យសេនា ទៀ បាញ់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងស្រុកគិរីសាគរ ទាំងមូល ត្រូវបានបញ្ចប់ការងារ បោសសម្អាតមីន ដោយរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៣៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៨៣ គ្រាប់ ។

ទេសរដ្ឋមន្ត្រី លី ធុជ បញ្ជាក់ថា «គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅខេត្តកោះកុង ចំនួន ២១.១៨៨.៦២០ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលមីន ប្រឆាំងមនុស្សចំនួន ២ ៤៧៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៤ គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ១៤ ១៦៣ គ្រាប់ ព្រមទាំងមានចំនួន ជនរងគ្រោះដោយសារមីន និងគ្រាប់សរុបចំនួន ៩៩៨ នាក់ ក្នុងនោះដោយសារមីន ៧៩០ នាក់» ។

លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថា សមិទ្ធផលទាំងនេះក្នុងខេត្តកោះកុង បានកើតចេញពីការយកចិត្តទុកខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ បញ្ហាមីន និងសំណល់ជាតិ ពីសង្រ្គាមនៅកម្ពុជា ។ បើគ្មានសម្តេចតេជោទេ ចំនួនជនរងគ្រោះថ្នាក់ដោយមីន និងគ្រាប់នៅខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេស នឹងបន្តកើនឡើង ហើយការស្តារឡើងវិញ នូវសេដ្ឋកិច្ចសង្គម នឹងជួបបញ្ហាប្រឈម។

លោកបន្តទៀតថា ទោះបីមានកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចការបោសសម្អាតមីន ខេត្តកោះកុង នៅបន្តសល់ផ្ទៃដីសង្ស័យមានមីនចំនួន ២២.៨៤៦.៥៨៥ ម៉ែត្រក្រឡា ស្មើនឹង ៣៥៥ ចម្ការមីន ដែលត្រូវដោះស្រាយ ឲ្យអស់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្នុងនោះសម្រាប់ឆ្នាំ២០២៣នេះ សម្តេចតេជោ បានដាក់ចេញនូវផែនការ បោសសម្អាតមីនឲ្យអស់ក្នុង ស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកគិរីសាគរ ស្រុកកោះកុង និងស្រុកថ្មបាំង ព្រមទាំងប្រកាស ជាស្រុកអស់មីន ផងដែរ ៕

To Top