ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី ( SCIA) របស់ប្រទេសសិង្ហបុរី ដើម្បីត្រៀមសហការអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥លាននាក់ ដែលនឹងត្រូវអនុវត្តនាខែសីហា ឆ្នាំ២០២៣ខាងមុខ។
ការចុះអនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខា ដោយលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក តាន់ វីភីន (TAN Wee Pin) នាយកសាលាអន្តរជាតិ SCIA នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។
លោកអ៊ិត សំហេង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំផែនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុបប្រមាណ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។
លោករដ្ឋមន្ត្រីបានបន្តថា ដោយទទួលបានគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះហើយ ទើបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវការដៃគូបន្ថែមដើម្បីត្រៀមសហការផ្ដល់ការបណ្ដុះបណ្ដាលដល់យុវជនក្នុងចំណោម១.៥លាននាក់នោះ។ ការចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិ SCIA នេះ ក៏ជាការចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់យុវជននៅកម្ពុជាដែរ។
លោក តាន់ វីភីន នាយកសាលា SCIA បានថ្លែងថា «យើងមានកម្មវិធីអប់រំបណ្ដុះបណ្ដាលមកពីសិង្ហបុរីស្រាប់ ដោយមិនចាំបាច់សរសេរកម្មវិធីបណ្ដុះបណ្ដាលឡើងវិញនោះទេ យើងគ្រាន់តែយកមកផ្ដល់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមតែម្ដង រួមទាំងគ្រូបណ្ដុះបណ្ដាលមកពីសិង្ហបុរីផងដែរ»។
លោកនាយកសាលា SCIA បានបញ្ជាក់ទៀតថា គោលដៅនៃកិច្ចសហការជាមួយក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានេះដែរ គឺសំដៅធ្វើយ៉ាងណាជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់បុគ្គលិក កម្មករនិយោជិត យុវជន ឱ្យកាន់តែបង្កើនសមត្ថភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។
គួរជម្រាបថា កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នជាសេនាធិការផ្សេងទៀតរួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះសរុបប្រមាណ១.៥លាននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា បង្កើនការលើកកម្ពស់ជីវភាពពួកគេឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចឱ្យបានតាមគោលនយោបាយជាតិឆ្នាំ២០៣០ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០២៥ កម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់៕