នយោបាយ

លោក ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ-ឈ្នះ ជានយោបាយអន្ទងចិត្តកូនខ្មែរ ឲ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ

ភ្នំពេញ៖ កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនាគតនាយកមន្រ្តីកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បច្ចុប្បន្នជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឲ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយត្រូវលះបង់ចោលគំនុំសងសឹករវាងខ្មែរ និងខ្មែរ ។

ការលើកឡើងរបស់លោកនេះ ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ថ្ងៃ២០ មិថុនា ស្របពេលសម្តេចតេជោ ជាឪពុកអញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)នាក្រសួងការពារជាតិផងដែរ។

លោកបន្តថា “ដោយសារ “នយោបាយឈ្នះ-ឈ្នះ” ទើបយើងកសាងឡើងវិញបាននូវ ដួងព្រលឹងឯកភាពជាតិ ដែលបានបាត់បង់អស់រាប់ជំនាន់មកហើយ និងក៏ដោយសារតែនយោបាយឈ្នះ-ឈ្នះ នេះផងដែរ ទើបយុវជនជំនាន់ក្រោយ លែងចាំបាច់ត្រូវហៅខ្មែរគ្នាឯង ថាជាខ្មែរក្រហម, ខ្មែរខៀវ, ឬ ខ្មែរមកពីក្រុម ឬ តំបន់ណាមួយនោះ” ។

លោកផ្តាំផ្ញើថា ដូច្នេះយុវជនមិនត្រូវភ្លេចឡើយ នូវតថភាពប្រវត្តិសាស្រ្ត (២០មិថុនា)នេះ ហើយក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវមានទស្សនៈមោះមុត ក្នុងការការពារគ្រឹះសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ពីព្រោះសន្តិភាព គឺជាអ្វីដែលយុវជនរាមច្បងបានចូលរួមលះបង់ និងខិតខំរកដោយលំបាកបំផុត។

សូមរំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាព ដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។

ផ្តើមចេញពីដំណើរតស៊ូជាមួយ ទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឲ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរក ការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនដូចបច្ចុប្បន្ន៕

To Top