ព័ត៌មានជាតិ

សម្ដេចតេជោ ៖ អតីតយុទ្ធជនជិត១១ម៉ឺននាក់ និងអ្នកក្នុងបន្ទុក ជាង១៥ម៉ឺននាក់ កំពុងទទួលប្រាក់ របបសន្តិសុខសង្គម ប្រចាំខែពីរដ្ឋ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ន អតីតយុទ្ធជនចំនួន ១០៦ ៩០៥នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥៣ ៦១០នាក់ កំពុងទទួលប្រាក់របបសន្តិសុខ សង្គមប្រចាំខែពីរដ្ឋ ។ នេះបើតាមសារលិខិត ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ របស់សម្ដេចតេជោ។

ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ក៏បានមានប្រសាសន៍បន្តថា គិតចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ រាជរដ្ឋាភិបាល បានដំឡើងប្រាក់ របបសន្តិសុខសង្គម ប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាងឬស្មើ ៦៩ម៉ឺនរៀល ត្រូវបន្ថែមឲ្យដល់ត្រឹម៧៧ម៉ឺនរៀល ក្នុងមួយខែ ។

សម្ដេចតេជោលើកឡើងថា ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនប្រចាំខែ របស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្ត ដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែ របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ។ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំឡើងប្រាក់សោធននិវត្តន៍ ដល់អតីតយុទ្ធជន និងនិវត្តជនផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ប្រាក់ ឧបត្ថម្ភក្នុងឱកាសពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និង គ្រួសារអតីតយុទ្ធជន ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និង សុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយ ធនាគារដៃគូនៅទូទាំង២៥ រាជធានី-ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គម រៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម៉្លេះ។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព (បស.ស) ជូនជនពិការ និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូលនិធិសមធម៌ សុខាភិបាលជូនអ្នកកាន់សៀវភៅ របស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យនិងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ(ប.ស.ស.) ដោយមិនបង់ប្រាក់ ៕

To Top