ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ មកទស្សនាកម្ពុជា។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍។

ក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ឆមាសទី១ ឆ្នាំ២០២៣ នាថ្ងៃ២១ មិថុនា លោករដ្ឋមន្ដ្រី ថោង ខុន បានគូសបញ្ជាក់ថា «សម្រាប់រយៈពេល៥ខែ ដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើន៥៣០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងភ្ញៀវទេសចរជាតិប្រមាណ១០លាននាក់ កើនឡើង៧៦.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២»។
លោកបន្តថា សម្រាប់ពេញមួយឆ្នាំ២០២៣នេះ រំពឹងទុកជាមុនថា នឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរ ក្នុងស្រុកប្រមាណ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករ នៅក្នុងផែនទីចង្អុលផ្លូវ។

លោក ថោង ខុន បញ្ជាក់ទៀតថា ដើម្បីធានាចីរភាព នៃការស្តារ និងគាំទ្រវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញ នូវយុទ្ធសាស្រ្ត និងគោលនយោបាយសំខាន់ៗ រួមមាន៖ ១-ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩, ២-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និង៣-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ ៕
