ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ចំនួន១១៧នាក់ ចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋឃុំក្រោលគោ ឃុំស្វាយអង្គ និងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន ៩៨៥នាក់ (ស្រី៦៨៧នាក់) ។

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានឲ្យដឹងថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោកហ៊ុន ម៉ានីសាខាខេត្តស្វាយរៀងចំនួន១១៧នាក់ បានចុះពិនិត្យនិងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន៣ឃុំ គឺឃុំស្វាយអង្គ ឃុំក្រោលគោនិងឃុំស្វាយយា នៃស្រុកស្វាយជ្រំ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ថ្នាក់កណ្តាល និងជាប្រធានកិត្តិយស ក្រុមការងារគ្រូពេទ្យស្ម័គ្រ ហ៊ុន ម៉ានី។

លោកវេជ្ជបណ្ឌិតគុជ ស៊ីថា បានសង្កត់ធ្ងន់ថាការពិនិត្យនិងព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានីសាខាខេត្តស្វាយរៀងនាពេលនេះរួមមាន ជំងឺទូទៅមនុស្សចាស់បានចំនួន ៤២៦ នាក់ ជំងឺទូទៅកុមារបានចំនួន២៣៧នាក់,ជំងឺស្ត្រីចំនួន៩៦នាក់ អេកូសាស្រ្តចំនួន៣៧នាក់ វះកាត់តូចចំនួន១៥នាក់ ជំងឺភ្នែកចំនួន១៣៥នាក់ សុខភាពមាត់ធ្មេញចំនួន៣៩នាក់ ។
លោកអ៊ុយ ថន ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង ដែលជានិច្ចកាលសម្ដេច តែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង ហើយក៏បានផ្ដាំផ្ញើឲ្យថែរក្សា សុខភាពឱ្យបានល្អនិង ត្រៀមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។

លោកអ៊ុយ ថន ប្រធានក្រុមប្រឹក្សា ខេត្តស្វាយរៀង បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានីសាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃនាពេលនេះ ដែលបានបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានីតែងតែចុះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរនៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាល ដោយឥតគិតថ្លៃនេះផងដែរ ។
បន្ថែមលើសពីនេះ លោកអ៊ុយ ថន ក៏បានរំលឹកអំពីប្រវត្តិប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់ក្នុងភ្លើងសង្គ្រាម របបប្រល័យពូជសាសន៍ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ ដែលគ្មានកំហុស ហើយត្រូវបានសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាបិតាសន្តិភាព បានរំដោះប្រទេស ឲ្យរួចផុតពីភ្លើងសង្គ្រាមហើយប្រែក្លាយប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាពិសេសក៏បានផ្ដោតសំខាន់ ទៅលើវិស័យសុខាភិបាលជាចម្បងផងដែរ ។

លោកអ៊ុយ ថន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅស្រុកស្វាយជ្រំ ក៏ដូចនៅខេត្តស្វាយរៀងទាំងមូលសូមត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ អញ្ជើញទៅបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗ គ្នាគឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា បន្តគាំទ្រសម្ដេច តេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រ បេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតគឺលោកបណ្ឌិតហ៊ុន ម៉ាណែតដើម្បីបន្តរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ទៀត៕
