ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានពន្យល់ថា ក្នុងករណី សមាជិក ប.ស.ស. ទាំងអស់ដែលជួបគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ ឬហៅម្យ៉ាងទៀតថា គ្រោះថ្នាក់ការងារ អាចចូលព្យាបាល នៅមន្ទីរពេទ្យឯកជន ដែលមិនមែនជាដៃគូ របស់ ប.ស.ស. បាន តែគិតតាមបារ៉ែនបង់ប្រាក់ តាមមន្ទីរពេទ្យដៃគូ ។

លោក សុក បូរ៉ា បានពន្យល់បែបនេះ ក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ “អត្ថប្រយោជន៍ ប.ស.ស. សម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន” រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ។

លោកប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម បានលើកឡើងថា សមាជិក ប.ស.ស. ទាំងអស់ ដែលជួបគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ អាចស្វែងរកការព្យាបាលភ្លាមៗ នៅតាមមន្ទីរពេទ្យឯកជននានា បើទោះបីមិនមែនជាដៃគូរបស់ ប.ស.ស. ក៏ដោយ ដោយបង់លុយមុនឲ្យទៅមន្ទីរពេទ្យ ប៉ុន្តែ ប.ស.ស. នឹងពិនិត្យឯកសារ និងបង់ប្រាក់ត្រឡប់ តាមបារ៉ែនបង់ប្រាក់ និងលក្ខខណ្ឌដែលបានកំណត់ តាមមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស. ប៉ុណ្ណោះ លើសពីការកំណត់ អ្នកជាសមាជិក ត្រូវគិតគូរដោះស្រាយ ខ្លួនឯង ៕

