ព័ត៌មានជាតិ

លោក ឃួង ស្រេង ឲ្យពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋ ស្របពេលការបោះឆ្នោត ជិតមកដល់

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជំរុញឲ្យស្នងការដ្ឋាន រាជធានីភ្នំពេញ ធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន តាមដែលអាចធ្វើបាន ខណៈការបោះឆ្នោត កាន់តែខិតជិតមកដល់ ។

លោក ឃួង ស្រេង ជំរុញបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ ក្នុងឱកាសនេះ លោក ឃួង ស្រេង បានជំរុញឲ្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ចេញឈ្មោះប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព បញ្ជូនទៅអធិការខណ្ឌ និង អភិបាលខណ្ឌទាំង១៤ ដើម្បីសាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណ ជូនពួកគាត់ឡើងវិញ។

ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពនេះ ករណីធ្វើមិនទាន់មុនពេលបោះឆ្នោតទេ លោកបានជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ណែនាំទៅសង្កាត់ ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់ការបោះឆ្នោត មានន័យថា នៅពេលដែលអត្តសញ្ញាណប័ណ្ណ ធ្វើមិនបានរួចរាល់ តែពួពលរដ្ឋនៅតែអាចបោះឆ្នោតបាន ។

បន្ថែមពីនេះលោក ឃួង ស្រេង ក៏បានផ្ញើសាររំលឹក ដល់ប្រជាពលរដ្ឋដែលមានកូនអាយុ១៥ឆ្នាំ ឆាប់នាំកូន ទៅធ្វើអត្តសញ្ញាណប័ណ្ណ កុំចាំពេលដែលត្រូវការ ទើបសម្រុកទៅធ្វើ។

ក្នុងឱកាសនោះដែរ យោងតាមស្នងការរងរាជធានីភ្នំពេញ បានឲ្យដឹងថា គិតពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣ អាជ្ញាធរបានផ្ដល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ជាង១លាន៦ម៉ឺនសន្លឹក ។ តាមទិន្នន័យដែលអាចព្យាករណ៍បាន នៅឆ្នាំ២០២៤ អត្តសញ្ញាណប័ណ្ណ ប្រជាពលរដ្ឋ នៅភ្នំពេញដែល អស់សុពលភាព មានចំនួន១៣២១០៣សន្លឹក នៅឆ្នាំ២០២៥ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន៣៤៩២១៨សន្លឹក នៅឆ្នាំ២០២៦ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន២៧៦៧៦២ សន្លឹក និងនៅឆ្នាំ២០២៧អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន២៧៤៣៦សន្លឹក ៕

To Top