ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២១ មិថុនា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានគោល បំណងសំខាន់ធានា ឲ្យមានវិធាន និងនីតិវិធីច្បាស់លាស់ ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណ បុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ឲ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឲ្យបុគ្គល គ្រប់រូបមានអត្តសញ្ញាណ តាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំគ្រប់គ្រង ស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការ សម្រាប់អភិវឌ្ឍន៍ផងដែរ។
ដោយឡែក សេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ មានគោលបំណងសំខាន់ៗ ដូចជា៖ កំណត់គោលការណ៍ នៃវិធានដើមកំណើតទំនិញក្រោម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដើម្បីបំពេញបានតាមការសន្យា របស់កម្ពុជា ជាមួយអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) និងដោយអនុលោម ជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរជាតិនានា ដើម្បីជំរុញ និងសម្រួលពាណិជ្ជកម្ម និងទប់ស្កាត់ការក្លែងបន្លំ ដើមកំណើតទំនិញ ជាពិសេសដើមកំណើត ទំនិញកម្ពុជា ៕