ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសម្របសម្រួល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលរស់នៅតំបន់កោះ ពេលមានជំងឺ នាំមកមន្ទីរពេទ្យ ឬការជួយសង្គ្រោះអ្នកនេសាទ ជួបបញ្ហាលើផ្ទៃសមុទ្រជាដើម នាំយកមកកាន់ដីគោក ដែលជាសកម្មភាពមនុស្សធម៍ ក្នុងសង្គមជាតិ។
ប្រសាសន៍លោកអភិបាលខេត្តព្រះសីហនុ ធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពេលអញ្ជើញជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលគម្រោងសាងសង់ ខ្សែបណ្តាញតង់ស្យុងមធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមានពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕