ព័ត៌មានជាតិ

ឆ្នាំ២០២២ កម្ពុជាទទួលចំណូល ពីភ្ញៀវទេសចរអន្តរជាតិជាង ១៤០០លានដុល្លារ

ភ្នំពេញ៖ ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ ។

នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបង្ហាញជាផ្លូវការ ក្នុងឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។

នៅឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.២៨លាននាក់ កើនឡើង១០៥៨.៦% និងភ្ញៀវទេសចរជាតិ១៣.៩៣លាននាក់ កើនឡើង១៩៨.៨%។ ចំណែកឯភ្ញៀវទេសចរជាតិ ដែលចេញក្រៅប្រទេសមានចំនួនប្រមាណ ៩៧ម៉ឺននាក់ កើនឡើង៣០៧៩.៥%។

របាយការណ៍បញ្ជាក់ថា «ពេញមួយឆ្នាំ២០២២កន្លងទៅនោះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ»។

របាយការណ៍បានបន្តទៀតថា ចំណូលដែលបានពីវិស័យទេសចរណ៍នេះ ក៏បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៣.៦%នៃផលិតផលក្នុងស្រុកសរុបផងដែរ។
របាយការណ៍បន្ថែមថា រយៈពេលស្នាក់នៅមធ្យម៣ថ្ងៃ២យប់ និងចំណាយរបស់ភ្ញៀវទេសចរជាតិម្នាក់ៗជាមធ្យម៥០ដុល្លារ។ នៅក្នុងឆ្នាំ២០២២ដូចគ្នានោះ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារដល់ប្រជាជនប្រមាណ៣២ម៉ឺននាក់។

គួរជម្រាបថា រយៈពេល៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់ កើនឡើង១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ក៏រំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ៕

To Top