ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាលើកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនាំមកនូវសុខសន្តិភាព។
ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង ខេត្ដបាត់ដំបង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានលើកឡើងពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល ៥ឆ្នាំ បន្តទៀត ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។
សម្ដេច បានសង្កត់ធ្ងន់ជាថ្មីទៀត អំពីសារៈសំខាន់ នៃការរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ គ្រប់វិស័យ ព្រមទាំងការរៀបចំ ការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំង ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ ។
សម្ដេច ឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងដែលបានធ្វើចំណាកស្រុក ទាំងនៅក្នុង និងក្រៅប្រទេស ត្រៀមឯកសារ ដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាលើកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នាំមកនូវសុខសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍជាតិ ដូចដែលកម្ពុជា បានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៣មក» ៕