ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ឱ្យបង្កើនការចុះត្រួតពិនិត្យ គុណភាពទំនិញ និងសុវត្ថិភាព ចំណីអាហារ

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យបង្កើនការ ចុះត្រួតពិនិត្យគុណភាពទំនិញ និងផលិតផលសុវត្ថិភាពចំណីអាហារ តាមទីផ្សារសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន ជាដើម ។

ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ស្ថិតនៅក្រុងដូនកែវ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្ដតាកែវ តែងផ្ដល់កិច្ចសហការល្អ និងគាំទ្រ ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ព្រមទាំងបានស្នើ ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្រ្តីសាខា ក.ប.ប ខេត្ត បន្តដើរតួនាទីលើការជួយផ្សព្វផ្សាយ និងចែករំលែកអំពីព័ត៌មានទីផ្សារ ក្តាប់ និងតាមដានការវិវត្តន៍ នៃស្ថានភាពទីផ្សារ ការផ្តល់សេវាពាណិជ្ជកម្មនានា សម្រាប់ជួយគាំទ្រដល់វិស័យឯកជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ជាពិសេសត្រូវបង្កើនការចុះត្រួតពិនិត្យ គុណភាពទំនិញ ផលិតផល សុវត្ថិភាពចំណីអាហារតាមទីផ្សារសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន និងការប្រកបអាជីវកម្មគ្រប់ប្រភេទ ដែលទទួលបានការអនុញ្ញាត រួចឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារកិត្តិនាមដ៍ល្អផូរផង់ របស់ប្រទេសជាតិយើង» ។

លោករដ្ឋមន្ត្រី បន្តថា វិស័យពាណិជ្ជកម្ម  ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិភាពគន្លឹះមួយ  ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ  កំណើនការងារ  ការបែងចែកផ្លែផ្កា ប្រកបដោយសមធម៌ និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន។

លោករដ្ឋមន្ដ្រី បន្ថែមថា ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់, ការចុះបញ្ជីក្រមហ៊ុន-សហគ្រាស, ការកសាងច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា, ការកសាងបង្កើតម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពារកម្មសិទ្ធិបញ្ញា, ការរក្សាបាននូវស្ថេរភាពទីផ្សារ ស្ថេរភាពថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ជាដើម៕

To Top