ភ្នំពេញ៖នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទី ដំឡូងឈ្វា ស្រូវ ចិញ្ចឹមសត្វ និងដាំបន្លែ ជូនដល់បងប្អូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង។
គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ លោកបណ្ឌិត ចង់ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបបញ្ហាប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និង អនុញ្ញាតអោយលើកអំពីសំណូមពរ មកធនាគារ ARDB ព្រមទាំងធ្វើការណែនាំអោយបងប្អូនផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចិញ្ចឹមឆ្នាំងបាយ អោយក្លាយជាការធ្វើកសិកម្មបែបសហគ្រិន ពោលគឺមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។
លោកបណ្ឌិត លើកទឹកចិត្តអោយបងប្អូនត្រូវធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈ យូធូប ជាដើម ដើម្បីទទួលបានចំណេះដឹងថ្មីៗ។ បងប្អូន គួរចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ។ ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវ និងមានទីផ្សារ។
លោកបណ្ឌិត ណែនាំអោយបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី ដើម្បីអោយការដាំដុះទទួលបានទិន្នផលខ្ពស់។ ណាមួយកុំទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចអោយយើងដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ និងមានតម្រូវការ។
ជាងនេះទៅទៀតលោកបណ្ឌិត ណែនាំអោយបងប្អូនកែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ អោយ ឆ្លៀតចញ្ចឹមសត្វបន្ថែម ដើម្បីទទួលបានចំណូលបន្ថែម។ ចងក្រងគ្នាជាសហគមន៍កសិកម្ម ឬបណ្តុំផលិត និងត្រូវរៀបចំផែនការណ៍ដាំដុះ, រៀបចំផែនការចិញ្ចឹម ផែនការប្រមូលផល ដើម្បីមានលទ្ធភាពផ្គត់ផ្គង់លក់ជាប់លើទីផ្សារ។ ការណ៍នេះសំខាន់ណាស់ , បើបងប្អូនអាចធ្វើបាននោះបងប្អូនពិតជាទទួលបាន ផលចំណេញច្រើន និងមានចំណូលចូលគ្រួសារ។
លោកបណ្ឌិត លើកទឹកចិត្តដល់បងប្អូន ក្នុងករណីបងប្អូន ប្រជាកសិករ ឬបណ្តុំផលិត ណាម្នាក់ចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB បានក្នុងអត្រាការប្រាក់សមរម្យ ដេីម្បីទិញជីដែលមានគុណភាព,ទិញថ្នាំដែលអាចយកមកប្រេីមិនប៉ះពាល់សុខភាពខ្លួន និងអ្នកដែលទទួលទានចុងក្រោយ,ថែទាំដោយយកចិត្តទុកដាក់ខ្ពស់ តាមរយៈការសិក្សាស្រាវជ្រាវពីអ្នកដាំជោគជ័យ ឬពីការបង្ហាញដោយអ្នកដាំជោគជ័យក្នុងយូធូប ជាដេីម នូវការដាក់ សំអាតស្មៅ តែងមែក ជាដេីម,សាងសង់ឃ្លាំងស្តុក លានហាល និងម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីជាដេីម។
ចុងបញ្ចប់លោកបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករ សហគមន៍កសិកម្ម ទាំងអស់ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទាំងអស់គ្នា កុំបីខាន៕