ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ចុះពិនិត្យការអនុវត្តគម្រោងឥណទាន គាំទ្រដល់ការដាំដុះបន្លែ ក្នុងផ្ទះសំណាញ់

ភ្នំពេញ​៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះពិនិត្យ​មើលការប្រើប្រាស់ឥណទានគាំទ្រ ដល់សមកម្ម​ភាពដាំដុះបន្លែស្ពៃក្រញាញ់​ ខាត់ណា​ផ្កា​ និងបន្លែចំរុះ​ នៅក្នុងផ្ទះសំណាញ់ ដែលមានអាសយដ្ឋានស្ថិតនៅឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​។

ស្របពេលជាមួយគ្នានេះលោកបណ្ឌិត និងសហការីបានចុះពិនិត្យមើលផល ប៉ះពាល់ដោយបញ្ហាខ្យល់កន្ត្រាក់ លើផ្ទះសំណាញ់ចំនួន​ ៤ខ្នងផ្ទះសំណាញ់​ ដោយខូចខាតប្រហែល​ ៤០%​ នៃផ្ទះសំណាញ់សរុបចំនួន​ ១០ខ្នង ដែលបងប្អូនបានទទួលកម្ចីពី ធនាគារ ARDB ដើម្បីយកពង្រីកផ្ទះសំណាញ់។

លោកបណ្ឌិត បានចូល​រួមសោកស្តាយ​ ជាមួយបងប្អូនកសិករ និងបានធ្វើការណែនាំ អោយជួសជុល​ និង​កែសម្រួលឡើងវិញនូវ៖
១-ជួសជុល​កែសម្រួល​គ្រោងផ្ទះ​សំណាញ់
២-រៀប​ចំ​ប្រព័ន្ធ​ទឹក
៣-រៀប​ចំ​ផែន​ការ​ដាំដុះ​ ដោយធ្វើដី​ ដាក់ជី​ និងបាញ់ថ្នាំសំលាប់មេរោគក្នុងដី​ និងសត្វល្អិត
៤-ផ្សារភ្ជាប់​ទីផ្សារ​ឡើង​វិញ​
បន្ថែមលើនេះ លោកបណ្ឌិត លើកទឹកចិត្ត​ឲ្យ​គាត់​ខិតខំ​ប្រឹងប្រែង​រៀបចំ​ដាំដុះ​ឡើង​វិញ​ ហើយ​ប្រសិន​បើក្នុង​ករណី​ គាត់ត្រូវការឥណទានបន្ថែម​ សូម​រៀបចំ​សំណើសុំ​មកធនាគារ​ ARDB។

ជាមួយគ្នានោះ​ លោកបណ្ឌិត និងក្រុមការងារ បានបន្តអញ្ញើញទៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចុះពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងមើលពីប្រសិទ្ធភាពនៃប្រើប្រាស់ឥណទាន ដែលធនាគារបានផ្តល់ជូន បងប្អូនកសិករនៅទីនោះផងដែរ ៕

To Top