ភ្នំពេញ ៖ ស្ត្រីម្នាក់ បានដាក់ពាក្យបណ្តឹងម្ចាស់ប្រាក់កម្ចីអនឡាញម្នាក់ ក្រោយបង្ហោះរូបខ្លួនបរិហារកេរ្តិ៍ជាសាធារណៈលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីការខ្ចីលុយនេះ ។
ស្រ្តីរូបនេះ មានឈ្មោះ ធាន សាមួន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ពាក់ពន្ធ័ករណីវិវាទចងការប្រាក់តាមអនឡាញ។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃ២៣ មិថុនា ។
លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា យោងពាក្យបណ្តឹងនារីរងគ្រោះបានរៀបរាប់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ខ្លួនបានកម្ចីប្រាក់តាមអនឡាញដែលមានឈ្មោះ “ត្រូវការលុយបង្វិល Online” ចំនួន៥០ដុល្លារ តែខាងកម្ចីឲ្យតែ៣២ ដុល្លារ ហើយក្នុងរយៈពេល១សប្តាហ៍ត្រូវសងចំនួន៥០ដុល្លារ ។
តែដល់ថ្ងៃត្រូវសង ខ្លួនគ្មានលទ្ធភាព ក៏មានខាងកម្ចីអនឡាញម្នាក់ផ្សេងទៀត ទូរស័ព្ឌមកផ្តល់កម្ចី៥០ដុល្លារ ត្រូវសងដូចកម្ចីលើកមុន ។ ដោយសារគ្មានលទ្ធភាពសង ខ្លួនក៏បានកម្ចីតាមអនឡាញផ្សេងៗបន្ថែមទៀត រហូតដល់១៤លើក (១៤ លាន) សរុបប្រាក់ដើម ៣០០០ ដុលារ ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានទំនាក់ទំនងជាមួយខាងកម្ចីសុំសងតែដើម ៣០០០ ដុល្លារ តែខាងកម្ចីមិនព្រម ទើបយករូបភាពក្រុមគ្រួសារ បងប្អូនមិត្តភក្រ្ត មកធ្វើការបង្ហោះ បរិហាកេរ្តិ៍ និងគំរាមគំហែងតែម្តងទៅ។
លោកនាយការិយាល័យបន្តថា ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង ការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននិងកំពុងបើកធ្វើការស្រាវជ្រាវ ដោយយកចិត្តទុកដាក់ ជុំវិញករណី បរិហាកេរិ៍ជាសាធារណៈនិងគំរាមគំហែងនេះ ដើម្បីយកមកចាត់ការតាមនីតិវិធី ៕