ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ចាក់ឃ្លីបត្រូលឆាវឆាវ ដែលនិយាយជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាពេលខាងមុខនេះ ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នាថ្ងៃទី២៤ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានចាក់ឃ្លីបត្រូលឆាវឆាវ ស្តីពីការបោះឆ្នោត និងសម្ដែងការពេញចិត្តយ៉ាងខ្លាំង ចំពោះខ្លឹមសារអប់រំណែនាំ ឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមអរគុណចំពោះអ្នកត្រូល ហើយប្រហែលជា ខ្ញុំសូមផ្ដល់មតិឱ្យតាមឃុំ-សង្កាត់ តាមខេត្តនានា អានេះបានសើចផង ហើយក៏ពន្យល់ឲ្យពលរដ្ឋទៅបោះឆ្នោត ប្រាប់ពីថ្ងៃបោះឆ្នោត និងគួរបោះឆ្នោតឱ្យអ្នកណា អីចឹងយកឃ្លីបត្រូល (ត្រូលឆាវឆាវ) ហ្នឹងទៅចាក់លេង ជាមួយចម្រៀងដទៃទៀតផងទៅ វាមានអីអត់ទាស់ខុសអីទេ»។
សម្ដេចតេជោ ថ្លែងថា នេះមិនមែនជាការឃោសនាបោះឆ្នោតនោះទេ ក៏ប៉ុន្តែរឿងពិតក្នុងប្រទេសកម្ពុជាគឺយ៉ាងដូច្នេះឯង ។ សម្ដេចថា អ្វីដែលបាននិងកំពុង កើតនៅលើទឹកដីកម្ពុជានេះ គឺមានចំណែកពីការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះក៏មានឪពុកម្ដាយ ជីដូនជីតា របស់បងប្អូនកម្មករ កម្មការិនីផងដែរ ៕