ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានដូចការគ្រោងទុក ៥,៦% រីឯឆ្នាំ២០២៤ វិញ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនរហូតដល់ ៦,៦%។
ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានពិនិត្យបញ្ហាទាក់ទងជាមួយនឹងរៀបចំក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៤ដោយ សម្ដេច ពិនិត្យដោយលម្អិត ស្ដីអំពីក្របខណ្ឌការកើនឡើង នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេច គូសបញ្ជាក់ថា «ឆ្នាំនេះអាចនឹងសម្រេចដូចការគ្រោងទុក ៥,៦% រីឯឆ្នាំក្រោយ កំណើនសេដ្ឋកិច្ចរបស់យើងអាចនឹងមានកំណើនទៅដល់ ៦,៦%។ ប៉ុន្ដែក្នុងនោះបានឃើញថា ទោះបីការកាត់ដេរ សំលៀកបំពាក់ និងដេរស្បែកជើងមានការថមថយបន្ដិច ក៏ប៉ុន្ដែ ផ្នែកមិនមែនកាត់ដេរ បែរជាកើនឡើង»។
សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងថា កំណើនសេដ្ឋកិច្ចទាំងនេះ ក៏បានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នាផងដែរ៕