ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នយោបាយជ្រុលនិយមបង្កអរិយភាពជាមួយ ប្រទេសជិតខាងគឺជានយោបាយ ដ៏គ្រោះថ្នាក់បំផុត សម្រាប់ប្រទេសជាតិទាំងមូល។
សម្ដេចតេជោ លើកឡើងបែបនេះ ក្រោយពីក្រុមប្រឆាំងជ្រុលនិយមតែងតែលើកឡើងថា នឹងរំដោះកម្ពុជាក្រោម មកគ្រប់គ្រងដោយកម្ពុជាវិញ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា បើកម្ពុជាដឹកនាំដោយក្រុមមនុស្ស ចង់តែបង្កជម្លោះជាមួយវៀតណាម តើអាចមានការវិនិយោគ មានរោងចក្រ សហគ្រាសនៅក្រុងបាវិតដែរ។
សម្ដេច បញ្ជាក់ឱ្យដឹងថា «ឥឡូវយើងចោទចេញជាសំនួរថា ប្រសិនបើអ្នកដទៃ មួយថ្ងៃៗ គិតតែពីរករឿងវៀតណាម ជេរវៀតណាមអត់ឈប់ គិតពីចង់ធ្វើសង្គ្រាម ដើម្បីនឹងរំដោះយកវៀតណាមខាងត្បូង ដែលហៅថា កម្ពុជាក្រោម សួរថា ថ្ងៃនេះ មានវត្តមានរោងចក្រនៅទីនេះទេ? នយោបាយជ្រុលនិយម បោកប្រាស់តាមរយៈនៃការញុះញង់ ឱ្យមានអរិភាពជាមួយប្រទេសជិតខាង វាជាគោលនយោបាយគ្រោះថ្នាក់បំផុតសម្រាប់ប្រទេស»។
សម្ដេច បន្ដថា ក្នុងឋានៈជាមេដឹកនាំប្រទេស គឺបញ្ចប់ភ្លើងសង្គ្រាម ហើយសម្តេច ក៏បានដាក់ចេញគោលនយោបាយចំនួន២ ក្រោយបញ្ចប់ភ្លើងសង្គ្រាម ក្នុងនោះរួមមាន ប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ពាណិជ្ជកម្ម។ សម្ដេច ថា នយោបាយសន្តិភាពរវាងកម្ពុជា និងវៀតណាម ធ្វើឱ្យកម្ពុជា និងវៀតណាម មានកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា បច្ចុប្បន្នកម្ពុជា បានប្រែក្លាយពីប្រទេសនាំទំនិញចូលស្ទើរទាំងស្រុង ឥឡូវបានក្លាយជាប្រទេសនាំចេញដ៏ច្រើនទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងប្រទេសវៀតណាមដែរ៕