ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងសំដៅពង្រឹងគណបក្សនយោបាយ ឱ្យមានការទទួលខុសត្រូវទៅលើសេរីភាពប្រជាពលរដ្ឋ ហើយកុំរារាំងពលរដ្ឋទៅបោះឆ្នោត។
សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត បានផ្តោតសំខាន់លើការកំណត់លក្ខខណ្ឌរបស់បុគ្គល ដែលឈរឈ្មោះឱ្យគេបោះឆ្នោតនេះ ត្រូវបានធ្វើឡើងតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេច ធ្វើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត សំដៅពង្រឹងទៅលើការទទួលខុសត្រូវរបស់អ្នកនយោបាយ ដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោត។
សម្ដេច គូសបញ្ជាក់ថា «យើងត្រូវធ្វើ (ធ្វើច្បាប់បោះឆ្នោត) មិនសំដៅទៅលើពួកគេតែម៉ាចំណុចទេ (ក្រុមប្រឆាំង) សំដៅពង្រឹងទាំងអស់គ្នាគ្រប់បក្សនយោបាយ ឱ្យមានការទទួលខុសត្រូវទៅលើសេរីភាពពលរដ្ឋ កុំរារាំងគេទៅលើបញ្ហាបោះឆ្នោត»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា បើអ្នកឯងមិនទៅបោះឆ្នោត មានន័យថា បោះបង់ចោលនូវសិទ្ធិ និងមិនអាចគ្រប់លក្ខខណ្ឌឈរឈ្មោះឱ្យគេបោះឆ្នោតបានឡើយ។
សូមរំលឹកថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភាអនុម័តទាំងស្រុង ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣៕