ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម បានថ្លែងថា ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលប្រើប្រាស់បុគ្គលិក ឬកម្មករ ចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជិកា មកក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ ផ្ទុយទៅវិញ ប្រសិនបើក្នុងករណីដែល ប.ស.ស. រកឃើញថា ម្ចាស់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថាន ដែលកំពុងប្រើប្រាស់បុគ្គលិក ឬកម្មករ ហើយមិនបានចុះបញ្ជីមកក្នុង ប.ស.ស. នោះ ប.ស.ស. នឹងប្រើប្រាស់យន្តការ ចុះធ្វើអធិការកិច្ច ហើយបន្ទាប់ពីការចុះធ្វើអធិការកិច្ចរួចហើយ ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានទាំងនោះ នៅតែមិនព្រមចុះបញ្ជីឱ្យបុគ្គលិក ឬកម្មកររបស់ខ្លួនទៀត នោះនឹងត្រូវរងការផាកពិន័យ តាមការកំណត់ ដូចមានចែងក្នុងច្បាប់ ស្តីពីរបបសន្តិសុខសង្គម។
ការថ្លែងឡើងពីសំណាក់លោក សុក បូរ៉ា ខាងលើនេះ ក្នុងឱកាសលោក អញ្ជើញធ្វើបទបង្ហាញ ស្តីពីរបបសន្តិសុខសង្គម ជូនដល់សមាជិកសហភាព សហព័ន្ធសហជីពកម្ពុជា នៅសណ្ឋាគារ SUNWAY រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោក សុក បូរ៉ា បានឱ្យដឹងទៀតថា ចំពោះការផាកពិន័យនេះ គឺម្ចាស់ក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងស្រុង ក្រោយការពិន័យរួច ហើយកាតព្វកិច្ចចុះបញ្ជីនៅ ប.ស.ស. នៅតែបន្តធ្វើដដែរ។
លោក សុក បូរ៉ា ក៏បានបញ្ជាក់ផងដែរថា សម្រាប់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានចុះបញ្ជីរួចរាល់នៅ ប.ស.ស. ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នោះនឹងក្លាយទៅជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធនដោយស្វ័យប្រវត្តិ ហើយនៅពេលដែលបងប្អូនសមាជិកទាំងអស់ ដល់អាយុចូលនិវត្តន៍ ប.ស.ស. នឹងបើកប្រាក់សោធនជូនជារៀងរាល់ខែ ដោយក្នុងមួយខែបើកជូនពីរដង ហើយអ្វីដែលកាន់តែពិសេសនោះ គឺសោធនិកទាំងអស់ នឹងទទួលបានសេវាថែទាំសុខភាព ដោយឥតគិតថ្លៃពី ប.ស.ស. ផងដែរ៕













