ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ត្រូវក្តាប់នយោបាយព្រហ្មទណ្ឌឲ្យជាប់ ព្រោះក្រុមជ្រុលនិយម បន្ដវត្តមាននៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងការណែនាំក្រសួងយុត្តិធម៌ដែលជាសេនាធិការរាជរដ្ឋាភិបាល ត្រូវក្តាប់ និងគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យបានជាប់ជាប្រចាំដែលជាកាតព្វកិច្ចចាំបាច់ ព្រោះក្រុមជ្រុលនិយមនៅតែបន្ដមានវត្តមាននៅកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសាលាយុត្ដិធម៌ថ្មីរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃ២៦ មិថុនា សម្ដេចតេជោណែនាំដល់ក្រសួងយុត្តិធម៌ ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យបានជាប់ជានិច្ច។

សម្ដេចតេជោលើកឡើងថា «ក្រសួងយុត្តិធម៌ ក្នុងនាមតំណាងជារាជរដ្ឋាភិបាល ក្នុងឧត្តមក្រុមប្រឹក្សាចៅក្រមចាំបាច់ណាស់ត្រូវគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យរឹងមាំ ជាពិសេសសម្រាប់ប្រទេសរបស់យើងដែលពោរពេញទៅដោយ… គេហៅថា អំពើជ្រុលនិយមហួសហេតុដែលបន្ដមានវត្តនៅកម្ពុជា ដូច្នេះទាមទារឲ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យជាប់»។

សម្ដេចតេជោបន្ដថា បញ្ហាខាងលើនេះ មិនត្រូវមើលស្រាលឡើយ ។ តើហេតុអ្វី? ព្រោះប្រទេសជិតខាងនៅសុខៗក៏ផ្ទុះអាវុធ ហើយក៏មានមនុស្សមួយចំនួនកំពុងរត់មកលាក់ខ្លួននៅកម្ពុជា។ បញ្ហានេះ សម្ដេច ក៏បានឲ្យស្វែងយល់អំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរដែលបានកើតចេញពីចំណុចតូចៗ។

សម្ដេចនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «នៅក្នុងកាលៈទេសៈ ដើម្បីធានានូវស្ថិរភាព សន្ដិភាពដល់ប្រទេស និងស្ថេរភាពខាងនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្ម ត្រូវតែជាកាតព្វកិច្ចចាំបាច់ ហើយរាជរដ្ឋាភិបាលត្រូវធ្វើ»៕

To Top