ព័ត៌មានជាតិ

ទីលានដាក់សំរាម តម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ បើកឲ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូននៅថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាម មានតម្លៃជាង៤លានដុល្លារ ក្នុងខេត្តកំពង់ធំ និងបានប្រគល់ ឲ្យរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត ។

ទីលានទុកដាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ជាគម្រោងមួយ នៅក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទាន ពីធនាគារADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារ ចាប់ផ្តើមការសាងសង់នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០២២ ។ សាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។ រណ្តៅទុកដាក់សំរាមមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា ។

តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាម រហូតដល់កម្ពស់១០ម៉ែត្រ គិតពីមាត់រណ្តៅដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ។ គ្រោងនឹងដាក់ឲ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨នាក់ ជុំវិញទីរួមខេត្តកំពង់ធំ។

ការណ៍ដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ ពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់ពលរដ្ឋ ជាពិសេសកាត់បន្ថយបញ្ហាប្រឈម ទៅលើកត្តាសុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន ព្រមទាំងធ្វើឲ្យខេត្តកំពង់ធំ មានភាពស្រស់បំព្រង ប្រកបដោយបរិយាប័ន្ន ។

ក្នុងពិធីប្រគល់-ទទួលនេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរ ក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យ បច្ចេកទេសនៃក្រសួងសាធារណការ អាជ្ញាធរដែនដី និងពលរដ្ឋដែលបានផ្តល់កិច្ចសហការ យ៉ាងល្អប្រសើរ ជំរុញឲ្យការងារ សាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក ៕

To Top