ភ្នំពេញ៖ លោក ប្រាក់ សុផាន់ណា ជាតន្ត្រីករបានសម្តែង បទចម្រៀង “មានដង្ហើម មានសង្ឃឹម” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម ២០២៣បានរំភើបរហូតដល់ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ក្នុងគ្រាលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឧបត្ថម្ភដីនិងផ្ទះ ឲ្យសម្រាប់ការរស់នៅសមរម្យ ។

ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារ ក្នុងក្រុងសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ក៏បានដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខ លោក ប្រាក់ សុផាន់ណា ដែលជាជនមានពិការភាព ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង។ លោកត្រូវបានអញ្ជើញឲ្យចូលរួមសម្តែង នៅក្នុងពិធីបើកកម្មវិធីការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ក្នុងជំនួបសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ លោក ប្រាក់ សុផាន់ណា ដែលមានកម្លាំងចិត្ត មិនរាថយក្នុងការតស៊ូ ជាមួយនឹងការរើសអើងនានា តាំងពីដើមរហូតមក។ លោករដ្ឋមន្រ្តីថា នេះគឺជាកម្លាំងជំរុញចិត្កដល់អ្នក ដែលជួបប្រទះនឹងបញ្ហាដូចរូបលោក ឲ្យមានកម្លាំងចិត្តក្នុងការបន្តដំណើរជីវិតទៅមុខ។

ដើម្បីសម្រេចនូវគោលបំណងរបស់លោក ប្រាក់ សុផាន់ណា ក្នុងការមានផ្ទះ និងដីផ្ទាល់ខ្លួនក្នុងការរស់នៅ ដោយមិនចាំបាច់ជួលគេ ទេសរដ្ឋមន្ត្រី សម្រេចឧបត្ថម្ភផ្ទះ និងដីមួយកន្លែងជូនតាមសំណូមពរ។ ទន្ទឹមនឹងនេះ ដើម្បីឲ្យជីវភាពគ្រួសាររបស់លោក សុផាន់ណា កាន់តែប្រសើរ លោកទេសរដ្ឋមន្ត្រី គ្រោងពិភាក្សាជាមួយនឹងផលិតកម្មបារមី ក៏ដូចជាក្រុមហ៊ុនជីបម៉ុង ក្នុងការនាំយកសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀងរបស់លោកទៅរៀបចំផលិត និងបង្ហាញជូនសាធារណជន នៅផ្សារទំនើបជីបម៉ុងមេហ្គាម៉ល។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឧបត្ថមថវិកាចំនួន ២៥០០ដុល្លារ។ ដោយឡែកក្រុមហ៊ុនជីបម៉ុង តាមរយៈទេសរដ្ឋមន្ត្រី ក៏បានឧបត្ថមថវិកាចំនួន ២៥០០ដុល្លារផងដែរ។ លើសពីនេះថ្នាក់ដឹកនាំក្រសួងបានចូលរួមនាឱកាសនោះ ក៏បានរួមគ្នាឧបត្ថម្ភថវិកាផ្ទាល់មួយចំនួនជូន លោក ប្រាក់ សុផាន់ណា ក្នុងការទ្រទ្រង់ជីវភាពគ្រួសារដែរ៕


