ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច លើកទឹកចិត្តកសិករ ដាំស្វាយចន្ទីគួររៀបចំពិនិត្យ និងសិក្សាលម្អិតពីផែនការដាំ

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅខេត្តឧត្តរមានជ័យនិងសៀមរាប។

ការរៀបចំផែនការដាំដុះប្រកបដោយគុណភាព និងតាមបច្ចេកទេស ជាពាក្យណែនាំដែលលោកបណ្ឌិត កៅ ថាច បានទាញចំណាប់អារម្មណ៍ ដល់កសិករ នៅក្នុងកម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការ ដាំដុះស្វាយចន្ទីឲ្យទទួលបានជោគជ័យ ដល់សហគមន៍កសិកម្មនៅឃុំលំទោង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ និងសហគមន៍កសិកម្មនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកបណ្ឌិត បានធ្វើការណែនាំ លើកទឹកចិត្តដល់កសិករដាំដុះស្វាយចន្ទីគួររៀបចំ ពិនិត្យ និងសិក្សាលម្អិតពីផែនការដាំដុះ បច្ចេកទេស ក្នុងការថែទាំ និងប្រមូលផល និងសិក្សាស្វែងយល់ពីបញ្ហាប្រឈម មួយចំនួននៃការដាំដុះស្វាយចន្ទី។ ក្នុងនោះគួរសួរ នូវសំណួរមួយចំនួនមានដូចជា៖ គួរដាំនៅពេលណា? , គួរចំណាយលើអ្វីមុនគេ ហើយបន្ទាប់អីទៀត? , គួរដាក់ជីនៅពេលណា ជីប្រភេទណាខ្លះហើយដាក់របៀបណា? , គួរថែទាំយ៉ាងម៉េច? , គួរថែរក្សាដីរបៀបណា ហេតុអ្វីត្រូវថែរក្សាដី? , គួរតែងមែកពេលណា របៀបណា? , ចុងក្រោយតើប្រមូលផលយ៉ាងម៉េច? ។

បន្ថែមលើនេះលោកបណ្ឌិត បានធ្វើការណែនាំឲ្យកសិករគួរផ្លាស់ប្តូរ ផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចិញ្ចឹមឆ្នាំងបាយ ឲ្យក្លាយជាការធ្វើកសិកម្មបែបទំនើបវិញ ដោយត្រូវចេះតាមដានតំលៃ កសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៌មាន ព្យាករណ៍អាកាសធាតុ ក៏ដូចជាកែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ ឲ្យឆ្លៀតចិញ្ចឹមសត្វបន្ថែម និងចេះកែប្រែដីសម្រាប់ដាំដុះ ឲ្យទទួលបានទិន្នផលខ្ពស់។ មួយវិញទៀតប្រសើរជាការទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ និងមានតម្រូវការ ដែលជួយកែប្រែដីកុំឲ្យខូច ឬអន់ថយគុណភាព។ ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវកាល ដោយអាចធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ អាចរៀនបានតាមរយៈ បណ្ដាញសង្គម និងយូធូប(Youtube) ជាដើម ដើម្បីទទួលបានចំណេះដឹងបន្ថែម។

មួយវិញទៀតដើម្បីទទួលបាន ជោគជ័យលោកបណ្ឌិត បានស្នើកសិករគួរធ្វើការចងក្រងគ្នាជាសហគមន៍កសិកម្ម ឬបណ្តុំផលិតស្វាយចន្ទី ក៏ដូចជាដំណាំរួមផ្សំផ្សេងៗទៀតផងដែរ។ លោកបណ្ឌិត ណែនាំដល់កសិករត្រូវរៀបចំនូវ ផែនការណ៍ដាំដុះ , រៀបចំផែនការថែទាំ , ផែនការប្រមូលផល , រួមគ្នាកែច្នៃពាក់កណ្តាលសម្រេច និងធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ តាមរយៈកិច្ចសន្យាកសិកម្ម ដើម្បីធានាស្ថេរភាពតំលៃលើទីផ្សារ និងជៀសវាងការទំលាក់តំលៃពីឈ្មួញកណ្តាល។

ឆ្លើយតបទៅហ្នឹងកង្វល់របស់កសិករ អំពីបញ្ហាក្វះខាតថវិកាដើម្បី ពង្រីកការដាំដុះលោកបណ្ឌិត បានលើកទឹកចិត្ត ចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ឬដំណាំផ្សេងទៀត ឬពង្រីកការចញ្ចឹមសត្វ អាចស្នើសុំឥណទានពីធនាគារ ARDB បានក្នុងអត្រាការប្រាក់ទាបសមរម្យ។ លោកបណ្ឌិតបន្ថែមទៀតថា អត្រាការប្រាក់អនុគ្រោះសម្រាប់ការដាំដុះស្វាយចន្ទីនេះ គឺជាអត្រាការប្រាក់ដែលប្រមុខរដ្ឋាភិបាល ផ្តល់ឲ្យប្រជាកសិករ ក្នុងការលើកទឹកចិត្ត និងជំរុញ ដើម្បីពង្រីក និងរៀបចំខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី សាងសង់ឃ្លាំងស្តុក លានហាល និងទិញម៉ាស៊ីនបកគ្រាប់ស្វាយចន្ទី ពាក់កណ្តាលសម្រេចដែលមានស្តង់ដារខ្ពស់។ ទិញជី ឬផលិតជីកំប៉ុស់ដែលមានគុណភាព និងទិញថ្នាំដែលអាចយកមកប្រើ មិនប៉ះពាល់សុខភាពខ្លួន និងអ្នកដែលទទួលទានចុងក្រោយ និងថែទាំដោយយកចិត្តទុកដាក់ខ្ពស់ ដោយសំអាតស្មៅ ជ្រោយដី ដាក់ទឹក និងដាំរុក្ខជាតិការពារស្រទាប់ដី៕

To Top