ព័ត៌មានជាតិ

ការប្រមូល និងដឹកជញ្ជូនសំរាម ក្នុងរាជ​ធានី​ភ្នំពេញ ​បានជាង៣ពាន់តោន ក្នុង១ថ្ងៃ

រូបភាព ពីរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុន៣ បាននិងកំពុងប្រតិបត្តិការការងាររបស់ខ្លួន​ លើការប្រមូលនិងដឹកជញ្ជូនសំរាមដោយក្នុងមួយថ្ងៃក្រុមហ៊ុនទាំង៣នេះ បានប្រមូលនិងដឹកជញ្ជូនសំរាម បានប្រមាណ៣៧០០តោនខណៈដែលកាលពីមុន​ ការប្រមូលនិងដឹកជញ្ជូនសំរាម បានត្រឹមតែ២៧០០តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ។

នេះជាការបញ្ជាក់ឲ្យដឹងពីលោក​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ជូនដល់កម្មករ-កម្មការនី នៃក្រុមហ៊ុនប្រមូលសំរាម ទាំង០៣ក្រុមហ៊ុន នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក​ ម៉ប់ សារិន បានលើកឡើងថា ក្រុមហ៊ុនចំនួន០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួន​ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១មក។ ក្រុមហ៊ុនទាំង០៣នោះ គឺទី១ ក្រុមហ៊ុន 800 Super ផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន០៥ខណ្ឌ មាន៖ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ទី២ ក្រុមហ៊ុន Mizuda Group Co., Ltd ផ្តល់សេវាក្នុង តំបន់ទី២ មាន៖ ៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ទី៣ ក្រុមហ៊ុន CINTRI ផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន០៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ។

លោកបានបន្ថែមថា ក្រុមហ៊ុនទាំង៣នេះ បានធ្វើឲក្យរាជធានីភ្នំពេញ​ លែងមានការកកស្ទះសំរាម នៅតាមដងផ្លូវ និងរក្សាបានអនាម័យ-បរិស្ថានជាទីក្រុងស្អាត ។

បន្ថែមពីលើនេះ លោកក៏បានសម្ដែង នូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះបងប្អូនកម្មករកម្មការិនី ក្រុមហ៊ុនប្រមូលសំរាមទាំង៣ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងាររបស់ខ្លួន ធ្វើឲ្យរាជធានីភ្នំពេញ ទទួលបានការកោតសរសើរ ពីថ្នាក់ជាតិនិងអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន និងការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣កន្លងមកនេះ។ នេះពិតជាបានមកពីបាត់ដៃរបស់បងប្អូន កម្មករកម្មការិនី ក្រុមហ៊ុនប្រមូលសំរាមទាំង៣ សហការគ្នាយ៉ាងល្អ ជាមួយអាជ្ញាធររបស់យើង។

លោក ម៉ប់ សារិន បន្តទៀតថា ការប្រគល់អំណោយ ជូនបងប្អូនកម្មករ កម្មការិនីទាំងបីក្រុមហ៊ុន និងជូនបងប្អូនកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាពេលនេះ គឺមានបំណងចែករំលែក នូវភាពជោគជ័យរបស់បងប្អូន ដែលបានបំពេញការងារយ៉ាងល្អកន្លងមក ហើយក៏ជាការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ។ ជាក់ស្តែងនៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនបានផ្តល់អំណោយ ជូនបងប្អូនកម្មករ កម្មការិនីទាំងបីក្រុមហ៊ុន និងជូនបងប្អូនកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចំនួន២៥៦៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកបរិសុទ្ធ១យួរ និងថវិកាចំនួន ២ ម៉ឺនរៀល៕

រូបភាព ពីរដ្ឋបាលរាជធានីភ្នំពេញ
To Top