ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅមកដល់ខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។នេះបេីយោងតាមការចុះផ្សាយ របស់នាយកដ្ឋានព័ត៌មាននៃទូរទស្សន៍ជាតិកម្ពុជា។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣បានចេញបទបញ្ជាជាបន្ទាន់មួយឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស ឱ្យបញ្ចេញសព្វាវុធសម្រាប់ការបាញ់យន្តហោះ ទៅកាន់តំបន់ដែលដ្រូនគ្មានមនុស្សបើកនេះហោះចូល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២សប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាងល្អជាមួយវៀតណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្មដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា៕