ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានថ្លែងថា សកម្មភាព របស់សមាគមមូលនិធិសម្ដេចតេជោ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
នាឱកាសអនុញ្ញាតឱ្យប្រតិភូសមាគម ដែលដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេច ស ខេង មានប្រសាសន៍ថា «សកម្មភាពរបស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺពិតជាមានសារសំខាន់ណាស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា»។
ឆ្លៀតឱកាសនោះ សម្តេច ឧបនាយករដ្ឋមន្ដ្រី បានណែនាំដល់សមាគមឲ្យធ្វើការរៀបសម្លៀកកាត់បំពាក់ឲ្យបានត្រឹមត្រូវ ដោយផ្អែកលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានកំណត់ ដើម្បីឲ្យមានការស្លៀកពាក់ឯកសណ្ឋាន មានការឯកភាពគ្នាស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេច ក៏បានជំរុញឱ្យសមាគមបន្តពង្រីកបណ្តាញ ក៏ដូចជាការងារបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់បណ្តាសហគ្រាសជាសមាជិក ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនបន្ថែមទៀត។
លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា បច្ចុប្បន្ន សមាគម បានបើកសាខាសហគ្រាសតូច និងមធ្យម បានចំនួន ២៥រាជធានី ខេត្ត ដោយក្នុងនោះសមាគមបានចងក្រងជាក្រុម ដើម្បីគាំទ្រក្នុងការជួយគ្នាទៅវិញទៅមក៕