ព័ត៌មានជាតិ

ការបង្ហោះដ្រូន ចូលដែនអាកាសកម្ពុជា ជាការរំលោភបំពាន មិនអាចអត់ឱនឱ្យបាន

រូបភាព៖ ដេីមអម្ពិល​ / ខា​ ដា

ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានលើកឡើងថា ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ (ដ្រូន) គឺការរំលោភបំពានយ៉ាងគឃ្លេីន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។

ការចេញសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស ធ្វើឡើងបន្ទាប់ពីមានយន្តហោះគ្មានមនុស្សបើកបរ (drones) ហោះចូលដែនអាកាសកម្ពុជា ជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកដីខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ។

តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងការបរទេសបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានតាមដាន ដោយការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែល បានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារ ដោយក្រុមប្រដាប់អាវុធខុសច្បាប់ ទៅលើស្នាក់ការប៉ូលីសនៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថេរភាពរបស់ប្រទេសជិតខាងជាមិត្ត។

ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យ កម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរនិងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់មិនឱ្យអំពើខុសច្បាប់បែបនេះ កើតឡើងជាថ្មីនោះឡើយ។

ជាមួយនេះ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សាខាងលើនេះ កម្ពុជាក៏ទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្តោយ ខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី ថា មានយន្តហោះគ្មានមនុស្សបើកបរ (drones) ហោះចូលដែនអាកាសកម្ពុជា ជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា «ទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណនេះ គឺជាការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងសមស្របខាងផ្នែកយោធា ដើម្បីរារាំងនូវការហោះចូល ដោយយន្តហោះគ្មានមនុស្សបើកបរនោះ សាជាថ្មីចូលមកក្នុងដែនអាកាសរបស់កម្ពុជា» ។

ក្រសួងអះអាងថា ក្នុងករណីរកឃើញប្រភពពិត នៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការបន្តខាងផ្លូវច្បាប់និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ។

ជុំវិញករណីនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកងកម្លាំងទ័ពជាង ៥០០នាក់ និងអាវុធ ២០០ដើម ដើម្បីពង្រាយគ្រប់ច្រកល្ហក់សម្រាប់ការបាញ់ទំលាក់យន្តហោះ គ្មានមនុស្សបើកនេះ ៕

To Top