ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឲ្យដឹងថា កម្ពុជាបានត្រៀមកងកម្លាំង ប្រមាណជាង៩ម៉ឺន៧ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា រកសំឡេងឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខនេះ ។
ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងចាប់ផ្តើមពីថ្ងៃ១កក្កដានេះ រហូតដល់ថ្ងៃ២១កក្កដាដែលមានរយៈពេល២១ថ្ងៃ មុននឹងដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិថ្ងៃ២៣ កក្កដា ដែលមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨គណបក្ស ។
ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២៩ មិថុនា ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា «សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតឆ្នាំ២០២៣ សម្រាប់នីតិកាលទី៧នេះ កម្លាំងប្រដាប់អាវុធដែលត្រូវប្រើប្រាស់សរុប តាមដំណាក់កាលរួមទាំងអស់ ក្នុងយុទ្ធនាការនេះ គឺប្រមាណជាង៩ម៉ឺន៧ពាន់មាក់ ។ ក្នុងនោះមានទាំងកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ កងយោធពលខេរភូមិន្ទ និងមានកម្លាំងជំនួយ ដោយកងកម្លាំងប្រជាការពារតាមឃុំ ដែលកម្លាំងទាំងអស់នេះត្រូវបែងចែកតាមដំណាក់កាល ។ មានដំណាក់កាលឃោសនា ដំណាក់កាលបោះឆ្នោត និងក្រោយបោះឆ្នោត ដំណាក់កាលការពារការដឹកជញ្ជូនសន្លឹកឆ្នោត ដំណាក់កាលការពារទីស្នាក់ការបោះឆ្នោត ទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោត (SEC) និងការពារកន្លែងរក្សាទុកឯកសារ ។ល។» ។
ឧត្តមសេនីយ៍ឯកអគ្គស្នងការរង នគរបាលជាតិបន្ថែមថា ក្រៅពីនោះ ក៏នឹងប្រើប្រាស់កម្លាំងតាមស្រុក តាមខេត្តដែលមកអន្តរាគមន៍ សរុបប្រមាណ៦ពាន់នាក់ ហើយមានត្រៀមកម្លាំងថ្នាក់ជាតិប្រមាណ ១ពាន់២រយនាក់ទៀត ដើម្បីត្រៀមដោះស្រាយហេតុការណ៍ ដែលកើតឡើងជាយថាហេតុ ។
លោកបញ្ជាក់ថា គណបក្សនយោបាយទាំងអស់ ត្រូវទទួលបានកិច្ចការពារដូចៗគ្នាដោយគ្មានការរើសអើង ហើយកងកម្លាំងនឹងជួយរៀបចំសណ្ដាប់ធ្នាប់ ប្រសិនបើមានការស្នើសុំ ដូចជាការរៀបចំសណ្ដាប់ធ្នាប់តាមវេទិកាឃោសនា និងពេលដង្ហែក្បួនឃោសនាជាដើម ៕