ភ្នំពេញ ៖ អង្គប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា «អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល”។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណង លើកស្ទួយគុណតម្លៃនៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលកម្ពុជា ព្រមទាំងពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យកម្ពុជា ជាពិសេសដើម្បីឲ្យអនាគត អ្នកដឹកនាំនយោបាយ ដែលមានបំណងចង់ឈរឈ្មោះឲ្យគេបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អចំពោះជាតិ និងប្រជាជន ដោយចាប់ផ្តើមពីការអនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងធានាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ពង្រឹងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ៕


