ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ការបណ្ដុះបណ្ដាល នគរបាលជាតិ ធ្វើឲ្យស្របតាមស្តង់ដា ទាំងក្នុងក្របខណ្ឌជាតិ-អន្តរជាតិ

រូបភាព ផេកសម្តេច ស ខេង

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ការបណ្ដុះបណ្ដាលនគរបាលជាតិ ឲ្យស្របតាមស្តង់ដាគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្ត ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

រូបភាព ផេកសម្តេច ស ខេង

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិ ភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាថ្ងៃ២៩ មិថុនា សម្ដេច ស ខេង មានប្រសាសន៍ថា «ក្រសួងបានផ្ដោតសំខាន់ លើការបណ្ដុះបណ្ដាលក្នុងប្រទេស ដូច្នេះយើងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភា នគរបាលកម្ពុជា និង សាលានគរបាលជាតិ ភូមិភាគទាំងអស់ ឲ្យស្របតាមស្តង់ដាគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿ ទុកចិត្តទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពីព្រោះធនធានមនុស្ស ដែលទទួលបានពីការ បណ្តុះបណ្តាលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ព្រោះគ្រឹះស្ថានបណ្តុះបណ្តាល បានដើរតួនាទីយ៉ាងសំខាន់ កែច្នៃមនុស្ស ឲ្យមានតម្លៃនិងមានប្រយោជន៍ ដល់សង្គមជាតិទាំងមូល»

រូបភាព ផេកសម្តេច ស ខេង

ទាក់ទងនឹងការបណ្តុះបណ្តាលវគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល សម្ដេចបានបញ្ជាក់ថា យុវជនទាំងអស់គឺជាឈាមថ្មី ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានជ្រើសរើសយក មកចាក់បញ្ចូល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរ ។ ហេតុនេះ ចាំបាច់ណាស់ដែលទាមទារឲ្យឈាមថ្មីនេះ ជាឈាមដែលមានគុណភាពល្អ ដើម្បីបំពេញតួនាទីជាមន្ត្រីនគរបាលបន្តវេន ប្រកបដោយ លក្ខណសម្បត្តិសមស្រប និងមានការពេញចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ៕

To Top