ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថាឆ្នាំនេះ កម្ពុជានឹងរៀបចំពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ

រូបភាព៖ តេឡេក្រាមសម្ដេចតេជោ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ឆ្នាំ២០២៣នេះ កម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នៅរាជធានីភ្នំពេញ ព្រមទាំងរៀបចំពិធីបុណ្យឯករាជ្យជាតិផងដែរ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវត្រៀមខ្លួន សម្រាប់ចូលរួមទស្សនា ពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ខណៈបុណ្យឯករាជ្យជាតិខួបលើកទី៧០ឆ្នាំ ក៏ត្រូវតែធ្វើដែរ។ សម្ដេចថា ឆ្នាំនេះ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន រួមមាន៖ កិច្ចប្រជុំអាស៊ាន, អាស៊ានប៉ាហ្គេម, អង្គរសង្ក្រាន្ត, បុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។

សម្ដេចបន្តថា «ហើយឆ្នាំនេះ សូមបញ្ជាក់ទុកជាមុនដែរ ឆ្នាំនេះ នឹងត្រូវធ្វើបុណ្យអុំទូកធំ នៅទីក្រុងភ្នំពេញ បុណ្យធំៗនៅចុងឆ្នាំនេះមានចំនួន២ ទី១ បុណ្យឯករាជ្យជាតិ ខួបលើកទី៧០ឆ្នាំ ត្រូវតែធ្វើធំ ទី២បុណ្យអុំទូក ត្រូវតែធ្វើធំ ព្រោះយើងខាតធ្វើ ដោយសារជាប់ប្រជុំអាស៊ាន»។

ក្រោយមានមនុស្សមួយចំនួនថា រាជរដ្ឋាភិបាល ខ្វះថវិកាសម្រាប់រៀបចំពិធីបុណ្យអុំទូក ឆ្នាំទៅនេះ សម្ដេច នាយករដ្ឋមន្ដ្រី បកស្រាយថា «គឺអត់ទេ» ព្រោះថា ពេលនោះ កម្ពុជាជាប់រៀបប្រជុំអាស៊ាន ខណៈមាន ប្រមុខរដ្ឋាភិបាលជាច្រើន បានចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជា៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top