ព័ត៌មានជាតិ

ចាប់ផ្តើមថ្ងៃឃោសនា រកសំឡេងឆ្នោត របស់គណបក្សនយោបាយ

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ កក្កដា នេះ គឺជាថ្ងៃចាប់ផ្តើមឃោសនារកសំឡេងឆ្នោត តាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) របស់គណបក្សទាំង១៨ដាក់ពាក្យចូលរួមប្រកួតប្រជែង ដណ្តើមសន្លឹកឆ្នោតដើម្បីឈានឆ្ពោះទៅរក ការបោះឆ្នោតថ្នាក់ជាតិ។

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមក្រមសីលធម៌ និងគោលការណ៍នានា ដើម្បីឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយ ចំនួន១៨ បានចូលរួមបោះឆ្នោត នាពេលខាងមុខ។

គ.ជ.ប ក៏បានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោត របស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។

គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការតាមការអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពច្បាប់ជាធរមាន ដើម្បីឲ្យការឃោសនា បោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចប្រមាណ ជា៤០ឆ្នាំនេះ តាមរយៈលោក សួស យ៉ារ៉ា អ្នកនាំពាក្យបានអះអាងថា សមាជិកគណបក្សនឹងចេញឃោសនានៅទូទាំងប្រទេស ហើយនឹងគោរពទៅតាមការកំណត់របស់គ.ជ.ប។

លោកថា នឹងធ្វើការឃោសនា នៅតាមមណ្ឌលៗនីមួយៗ ដើម្បីទទួលខុសត្រូវ ទៅតាមច្បាប់កំណត់នៅទីតាំងខ្លួនទទួលខុសត្រូវ ។ 

លោកបន្តថា “កន្លែងណាក៏ដោយគឺជាប្រជាជន គឺជាគណបក្សប្រជាជនកម្ពុជាទាំងអស់ ចឹងយើងកំណត់គោលដៅខេត្តរៀងៗខ្លួន មណ្ឌលរៀងៗខ្លួន ដើម្បីរក្សានូវកៅអីឬអសនៈដែលមានរៀងៗខ្លួន”។

គណបក្សប្រជាជនកម្ពុជា ក៏នឹងប្រារព្ធថ្ងៃកំណើត៧២ឆ្នាំបង្កើតគណបក្សនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ផងដែរ ដោយមានការធ្វើជាមិទ្ទិញទ្រង់ទ្រាយធំ នៅទូទាំងប្រទេសភ្ជាប់នឹងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាផងដែរ ។

សម្រាប់ គណបក្សហ្វ៊ុនស៊ិនប៉ិចវិញ នឹងហែរក្បួនធំនៅថ្ងៃ២ កក្កដា ដោយចេញពីទីស្នាក់ការធំនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយមានសមាជិកចូលរួម ប្រមាណជា៥ពាន់នាក់ដោយចេញ នៅតាមដងវិថីធំៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ទោតាមតម្រាយដែលអាជ្ញាធរបានអនុញ្ញាត ។ នេះបើតាម លោក ញឿន រ៉ាដែនអ្នកនាំពាក្យ។ អ្វីដែលជាការសំខាន់លោកថា នឹងមានវត្តមានព្រះអង្គម្ចាស់ ចក្រាវុធយាងមកដឹកនាំឃោសនានាថ្ងៃ២ កក្កដានោះតែម្តង ។ សម្រាប់រាជធានី-ខេត្តផ្សេងទៀត ក៏បានមានក្បួនហែរផងដែរ ។

លោកគូសបញ្ជាក់ថា “វត្តមានរបស់ព្រះអង្គម្ចាស់នេះ នឹងដើម្បីបង្ហាញទៅដល់ប្រជារាស្រ្ត ស្វែងនូវការគាំទ្រ”។

ចំពោះលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ ក៏នឹងបោះខិតប័ណ្ណចុះចែកតាមខ្នងផ្ទះប្រជាពលរដ្ឋផងដែរ ។ ដោយសារហិរញ្ញវត្ថុ មានកម្រិតលោកមិនបានឃោសនាហែក្បួន ជាលក្ខណៈធំដុំដូចបក្សផ្សេងៗទៀតនោះទេ បានតែចែកខិតប័ណ្ណប៉ុណ្ណោះ។

ដោយឡែកលោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ក៏បានរៀបចំក្បួនហែរចេញពីគ្រប់រាជធានី-ខេត្តរយៈពេល២១ថ្ងៃនេះ តាមរយៈប៉ុន្មានគ្រឿងក្នុងមួយរាជធានី-ខេត្ត ហើយនឹងមកជួបគ្នានាថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ៕

To Top