ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថា គណបក្សចូលរួមបោះឆ្នោត អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ នឹងគោរពតាមច្បាប់ បោះឆ្នោត

រូបភាពតេឡេក្រាម សម្ដេចតេជោ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានថ្លែងដោយក្ដីសង្ឃឹមថា គណបក្សទាំងឡាយ ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ក៏ដូចជាអង្គការ នានានៃសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមជ្ឈដ្ឋានផ្សេងៗទៀត ដែលចូលរួមសង្កេតមើល ដំណើរការបោះឆ្នោត នឹងគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

រូបភាពតេឡេក្រាម សម្ដេចតេជោ

តាមរយៈសេចក្ដីថ្លែងករណ៍ ដែលចេញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងពិធីរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា គណបក្សទាំងឡាយដែលចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ដូចជាអង្គការនានានៃសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមជ្ឈដ្ឋានផ្សេងៗទៀត ដែលចូលរួមសង្កេតមើល ដំណើរការបោះឆ្នោត ទាំងក្នុងដំណាក់កាលយុទ្ធនាការឃោសនា ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយ ពេលបោះឆ្នោត ពិតជានឹងគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដើម្បីធានានូវ បរិយាកាសនយោបាយដ៏ល្អបំផុត ធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌» ។

សម្ដេចតេជោ មានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការកណ្ដាល សម្ដេចសូមសម្ដែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនបងប្អូនជនរួមជាតិ នៅគ្រប់ទិសទី ដែលតែងតែផ្ដល់យុត្តិធម៌ ជំនឿ និងការគាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យបក្សមានលទ្ធភពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ ។

រូបភាពតេឡេក្រាម សម្ដេចតេជោ

សម្ដេចតេជោបានប្ដេជ្ញាបន្តកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើងក្លាយទៅជា ប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្ដីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត ។

សម្ដេចប្រធានបក្សប្រជាជន បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាព្រឹត្តិការណ៍នយោបាយ ជាប្រវត្តិសាស្ត្រមួយ ដែលមានសារៈសំខាន់ជាទីបំផុតចំពោះជាតិយើង ។ សម្ដេចសង្ឃឹមថា បងប្អូនជនរួមជាតិ ដែលបានមើល ជាក់ស្ដែងរួចហើយ នូវការរីកចម្រើនរបស់ប្រទេសកម្ពុជា នៅក្នុងសន្តិភាព ឯករាជ្យ ឯកភាព អធិបតេយ្យ និងបូរណភាពទឹកដី ពេញលេញបច្ចុប្បន្ននេះ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្ដេចឲ្យដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី៧ ជាបន្តទៀត ។

សម្ដេចបន្ថែមថា គណបក្សប្រជាជន បានអនុម័តគាំទ្រសម្ដេច ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។ ដោយអនុវត្តតាមសេចក្ដីសម្រេចនេះ សម្ដេចសន្យាជាឱឡារិកថា បើគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ជ្រើតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្ដេចនឹងឈរយ៉ាងរឹងមាំលើគោលជំហរជាយុទ្ធសាស្ត្រ និងដឹកនាំអនុវត្តឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់បក្សដែលនឹងក្លាយជាកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។

ជាមួយគ្នានោះសម្ដេចប្រធានបក្ស បានបញ្ជាក់នូវជំហរ ឥតងាករេរបស់គណបក្សប្រជាជន ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ។

សូមរំលឹកថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ធ្វើឡើងចាប់ពីថ្ងៃទី១-២១ ខែកក្កដា ខណៈថ្ងៃទី២៣ កក្កដា ជាថ្ងៃបោះឆ្នោត ។ គណបក្សចូមរួមប្រកួតប្រជែងការបោះឆ្នោត មាន ១៨បក្សនយោបាយ ហើយគណបក្សប្រជាជនកម្ពុជា ឈរនៅលេខរៀងចុងក្រោយគេគឺទី១៨ ៕

To Top