ព័ត៌មានជាតិ

កម្ពុជានិងកម្ពុជាក្រោម ក្នុងឧបាយកល យុទ្ធសាស្ត្រ សហព័ន្ធឥណ្ឌូចិន (ភាគបញ្ចប់)

ព្រែកជីក ហ្វូណនតេជោ សែន ជាកំពែងដែកដ៏រឹងមាំ ក្នុងការការពារ និង ពង្រឹង អត្ថិភាព និង កិត្យានុភាពរបស់ខ្មែរ ក្នុងការលែងរណប និង ពឹងពាក់បរទេសទៀត !

វិធានការមួយដ៏អាក្រក់បំផុត នាពេលនោះ គឺរដ្ឋការយួនព្រៃនគរ បានដាក់ចេញផែនការតឹងរឹង ដោយបង្ខំឱ្យកប៉ាលបរទេសទាំងអស់ ដែរធ្វើនាវាចរណ៍ លើដងទន្លេមេគង្គ ក្នុង ទឹកដីយួន ចូលមកកាន់កម្ពុជា ត្រូវតែប្រើប្រាស់ នាវិករបស់យួន៧០% ក្នុងករណីបើ ចង់ធ្លងកាត់ ដងទន្លេមេគង្គ ក្នុងដែនដី របស់យួនព្រៃនគរ ចូលមក ក្នុងដែនទឹកទន្លេមេគង្គ របស់កម្ពុជានោះ ។ ដល់ថ្ងៃទី២៦ កញា ១៩៦៦ រដ្ឋការយួនព្រៃនគរ ស្រាប់តែ ចេញ សេចក្តី ប្រកាសមួយ ដោយហាមប្រាម មកលើកប៉ាល់បរទេសទាំងអស់ ដែលបានចុះបញ្ជី ( registration) នៅកម្ពុជា លែងមានសិទ្ធិមកជិតនិងដឹកជញ្ជូនទំនិញ ទាំងទ្បាយនៅក្នុងបរិវេណ នៃកំពង់ផែព្រៃនគរ តែមានសិទ្ធិ ធ្វើចំណើរនាវាចរណ៍ ទៅតាមច្រកផ្លូវទឹក ដែរគយរបស់យួន បានត្រួតពិនិត្យទំនិញ រួចហើយនោះ ។

ពិតមែនតែចាប់តាំងពី កម្ពុជានិងវៀតណាមខាងត្បូង បានផ្តាច់ទំនាក់ទំនងលើផ្នែក នយោបាយនិងការទូត ក៏ដោយ តែទំនាក់ទំនងទៅ-មក រកស៊ីរវាងប្រជាជននិងប្រជាជន នៅតាមបណ្តោយព្រំដែន និង រវាងខេត្តជាមួយខេត្ត របស់ប្រទេសទាំងពីរ គឺនៅមានសកម្មភាព ដដែល។ ទន្ធឹមនេះ ប្រទេសទាំងពីរ ក៏នៅមានផ្សារមេឃ ( open markets ) ពីរធំដែល មួយនៅ Go Dau របស់ខេត្ត Tay.Ninh. ជាប់ទៅនិងបាវិត របស់ខេត្តស្វាយរៀង និង មួយទៀតនៅ Hong Ngu ជាប់ទៅនិងតំបន់ ពាមជរ របស់ ខេត្តព្រៃវែង ដោយនៅផ្សារ ទាំងពីរនេះ នៅមានសកម្មភាពលក់ដូរ អូអរនិងផុសផុល ដោយទាំងអស់នេះ ជាសំណូមពរ នៃសេចក្តីត្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ដែលមានជីវភាព រស់នៅ តាមបណ្តោយព្រំដែននោះ។

នៅចុងឆ្នាំ ១៩៥៦ របបអនុគ្រោះពន្ធ័មកលើរាល់ទំនិញ សារពើរ របស់បារំាង សំរាប់យួនព្រៃនគរ ក្នុងការនាំចូលពីស្រុកបារំាង ត្រូវចប់ជាស្ថាពរ តែចំពោះកម្ពុជា នៅទទួលបាននូវ របបអនុគ្រោះ ពន្ធទាំងនេះ ពីបារាំង ទើបពេលនោះ រាល់ទំនិញដែលនាំចូលកម្ពុជា ពីប្រទេសបារាំងនៅ មានតម្លៃថោកនិងល្អ បើប្រៀបធៀបទៅនឹង ទំនិញបារាំង ដែលនាំចូល ទៅយួនខាងត្បូង នាពេលនោះ។ ដូច្នោះ ទោះបីជាប្រទេសទាំងពីរ មានអរិភាពនិងគ្នា ក៏ដោយ ក៏ពួកឈ្មួញកណ្តាល អ្នករកស៊ី នៅតែមានចរិតរត់ទៅរកគ្នីគ្នាដដែរ ដើម្បីផលប្រយោជន៍ ក្នុងគ្រប់រូបភាពនោះ ។

បើនៅកណ្តាលទីក្រុងព្រៃនគរ ពេលនោះវិញ គឺពោពេញទៅដោយទំនិញ កសិផល របស់ខ្មែរ ហើយ បើនៅភ្នំពេញ វិញ ទំនិញដែលមកពីយួន អីក៏មាន អីក៏មិនខ្វះផងដែរ ដែលតាមការសិក្សា ស្រាវជ្រាវ របស់ក្រុមប៉ូលិសសម្ងាត់ ខាងសេដ្នកិច្ចខ្មែរ ឱ្យដឹងថា មានផ្លូវរត់ពន្ធសម្ងាត់ប្រមាណ១២ច្រក ដែលមានពីតំបន់ត្រីកោណ រត់រហូតមកដល់ ដែនដីកំពត ដែលផ្លូវទាំងនេះ មានប្រព័ន្ធរត់ធ្លងកាត់
ទៅមក រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដូចផ្លូវលំនោះ ។

គោលនយោបាយអព្យាក្រិត្យ និងមិនចូលបក្សសម្ព័ន្ធ របស់កម្ពុជា នៅតែជាឧបសគ្គចម្បង និងជា ភាពអមិត្តជាមួយពួកយួនព្រៃនគររ និងសៀម ។ ក្នុងបរិបទមួយនេះ ទើបនៅថ្ងៃទី២០ មិថុនា ១៩៦៤
សម្តេច សីហនុ បានផ្ញើលិខិត ជូនលោក Nguyen Huu Tho ប្រធានរណសិរ្យជាតិរំ ដោះវៀតណាម ខាងត្បូង (យៀកកុង) ដោយព្រះអង្គ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងខ្ញុំ លែងមានសំណូមពរអំពីដែនដីទាំងទ្បាយ ដើម្បីជាការឱ្យមានការទទួលស្គាល់ ជាដាច់ខាតនៅ ខ្សែរព្រំដែន បច្ចុប្បន្ន និង អធិបតេយ្យភាព របស់កម្ពុជា មកលើកោះទាំងទ្បាយ ដែលស្ថិតនៅតាមឆ្នេរសមុ្រទ របស់កម្ពុជា ដែលរដ្ឋការ ព្រៃនគរ ធ្វើការទាមទារ គ្មានលើមូលដ្ឋានច្បាប់ណាមួយឡើយនោះ » ។

ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈ ណាមួយក៏ដោយ ក៏សម្តេច សីហនុ មានជំនឿជឿជាក់ថា ចុងក្រោយ ទេ គឺចិនប្រជាមានិត ពុំមែន អាមេរិកទេ ដែលជាអ្នកគ្រប់គ្រង់ ត្រួតត្រាមកលើ ឧបទ្វីបឥណ្ឌូចិន នេះនោះ ។ ពេលនោះហើយ ដែររាល់សិទ្ធិអំណាច និងប្រយោជន៍របស់កម្ពុជា និងត្រូវបានធានាយ៉ាងរឹងមាំបំផុត ដែលជាមូលដ្ឋានចុងក្រោយ ក្នុងការសំរបសំរួល និងតថ្លៃជាមួយអ្នកឈ្នះចុងក្រោយ អ្នកកាន់អំណាចចុងក្រោយ នោះ។

សេចក្តីថ្លែងការណ៏ សៀងហៃ ១៩៧២ ( Shanghai Declaration) គឺជាសារលិខិតប្រកាសថ្ងៃអវសាន្ត ចំពោះរបប នយោបាយក្រុង ភ្នំពេញ និងក្រុងព្រៃនគរ ជាមុន ដោយក្នុងខែមេសា ឆ្នាំ១៩៧៥ របបទាំងពីរនេះ បានទទួលមរណភាពជាស្ថាពរដូចគ្នា តែក៏គ្មានអ្នកយុទ្ធសាស្ត្រណាម្នាក់ មើលឃើញ និងវាយតម្លៃត្រូវថា របបនយោបាយនៃព្រះរាជាណាចក្រកម្ពុជាទីII រស់ឡើងវិញ បាន ហើយ ព្រះកុរណាសម្តេច សីហនុ វិលមកកាន់អំណាច ដឹកនាំប្រទេសបាននោះ តែ អ្នកភូមិសាស្ត្រ យុទ្ធសាស្ត្រ ចិន បានមើលឃើញ ព្រឹត្តិការណ៍នយោបាយមួយនេះ យ៉ាងច្បាស់ ដោយធ្លាប់បានអះអាងជាមួយ មជ្បដ្ឋានលោកខាងលិច រួមទាំង សហរដ្ឋអាមេរិក ថា តំបន់ ឥណ្ឌូចិន និងត្រូវបានគ្រប់គ្រង់ទៅ ដោយចិន នោះ ហើយ BRI បច្បុបន្ន គឺជា និមិត្តរូបនៃការអះអាងទាំងអស់ នេះហើយ ៕

ខ្លឹមសារលម្អិត មាននៅក្នុងសៀវភៅ «កម្ពុជានិងកម្ពុជាក្រោម ក្នុងឧបាយកល យុទ្ធសាស្ត្រសហព័ន្ធ ឥណ្ឌូចិន» ៥០០ទំព័រ ដែលនឹងបោះពុម្ភផ្សាយ នាចុងឆ្នាំនេះ ស្រាវជ្រាវនិងចងក្រង ដោយ លោក ហើស សិរីធន។

To Top