ដោយភូមិសាស្ត្រ និងក្នុងសម័យនោះ វិទ្យាសាស្រ្តបច្ចកទេស នៅឥតទាន់មានការវិវត្តន៍ រីកចំរើន ទើបពួកអាណានិគមបារាំង យកចិត្តទុកដាក់ខ្លាំង តែមកលើការកសាងផ្លូវដែក និងផ្លូវសមុទ្រ ជាចម្បង ដោយផ្លូវគោគចំណាយច្រើន ហើយការដឹកជញ្ជួន បានតិចទៅវិញ។
ទន្ទឹមនិងនេះស្ថានអគ្គទេសាភិបាលបារាំង ដែលត្រួតត្រាមកលើដែនដី ឥណ្ឌូចិន គឺត្រូវបានដាក់នៅ ទីក្រុងហាណូយ ដូច្នេះរាល់កិច្ចការសំខាន់ រួមតាំងការកសាង គឺបារាំងយកចិត្តទុកដាក់ កសាងនៅវៀតណាម ច្រើនជាងនៅ ទ្បាវនិងកម្ពុជា ។
ទើបពេលដែលបារាំង សំរេចជាឯកតោភាគី ក្នុងការប្រគល់ដែនដី កូសាំងស៊ីន ទៅឲ្យក្រុង Hue កម្ពុជា គ្មានអ្វីក្រៅពី អគារប៉ុន្មាន ស្ពាន ផ្សារ និងផ្លូវគមនាគមន៍ ខ្លះជុំវិញភ្នំពេញ ដែលពេលនោះ រាជធានីភ្នំពេញ មានប្រជាជនរស់នៅប្រមាណ ៣០មឺុននាក់ និងប្រជាជនខ្មែរទូទាំងប្រទេស មានត្រឹមជាង ៣ លាននាក់បុណ្ណោះ។
តែក៏មានប្រការមួយ ដែលជាភាពអកុសលសំរាប់ខ្មែរ ពេលនោះ គឺក្រោយពីដែនដី កូសាំងស៊ីនត្រូវបានបារាំង កាត់ផ្ទេឲ្យវៀតណាមនាថ្ងៃទី ០៤ មិថុនា១៩៤៩ មក ខ្មែរហាក់បី បាត់ទាំងស្រុងនូវ សិទ្ធិប្រើប្រាស់ ដងទន្លេមេគង្គក្រោម និងកំពង់ផែព្រៃនគរ ដែលទោះបីជាក្នុងរបបអាណានិគមបារាំង មានកិច្ចព្រមព្រៀងទាំងអស់ រួមតាំងកំពង់ផែព្រៃនគរ ដែលត្រូវបានកសាងឡើងដោយ លុយពន្ធរបស់ប្រជាជនកម្ពុជា ដែលបារាំងយកទៅប្រើប្រាស់ និងកសាងក៏ដោយ ក៏អ្នកកាន់អំណាច របស់វៀតណាម ពេលនោះមិនទទួលស្គាល់ និងមិនគោរពអនុវត្តន៍ តាមបណ្តាកិច្ចព្រមព្រៀង ទាំងនេះ ឡើយ ។
ជារួម ក្នុងសម័យកាល របស់បណ្តាឆ្នាំ៥០ ៦០និង៧០ គឺមួយភាគធំ នៃទំនាក់ទំនង ពាណិជ្ជកម្មរកស៊ី និងការនាំចេញនាំចូល របស់កម្ពុជា គឺសុទ្ធតែត្រូវបាន ដឹកជញ្ជួន ពីសមុទ្រអន្តរជាតិ ចូលមក និងធ្លងកាត់ ដងទន្លេមេគង្គក្រោម រួចចូលមកកំពង់ផែ ព្រៃនគរ ហើយលើកដាក់ នៅទីនេះ ទាំងអស់ ។
តែដោយបរិបទ នយោបាយ នៅពេលនោះ ឲ្យតែមានករណីណាមួយ ដែលកម្ពុជាមានឥរិយាបទធ្វើឲ្យពួកអ្នកកាន់អំណាចវៀតណាមខាងត្បូង មិនសប្បាយ ទាស់ចិត្តអ្វីមួយ ពាក់ព័ន្ធ ដល់បញ្ហា បូរណភាពនិងអធិបតេយ្យភាព គឺរាល់សកម្មភាព ក្នុងការធ្វើនាវាចរណ៍ នៅលើដងទន្លេមេគង្គ និងមានបញ្ហារាំងស្ទះមានឧបសគ្គ គ្រប់បែបយ៉ាង ដែលជាហេតុចម្បងធ្វើឲ្យដំណើរការ ផ្គត់ផ្គង់ទំនិញ សារពើរភ័ណ្ឌ គ្រប់មុខមកឲ្យក្រុងភ្នំពេញ ជួបការលំបាក ខ្វះខាត ពិសេសគឺប្រេងឥន្ធនៈ ជាដើម នាំដល់ នយោបាយនៅភ្នំពេញ ក៏ឡើងកំដៅ ទៅតាមសភាវៈ នៃនយោបាយមួយនេះផងដែរ។
ក្រោយមក បន្ទាប់ពីឆ្នាំ ១៩៧៥ កម្ពុជា ក៏ធ្លាប់មានបញ្ហាមួយនេះ ជាមួយរដ្ឋការយួន ព្រៃនគរThieu+Ky ផងដែរ។ ក្រោយពីមានរដ្ឋប្រហារ រដ្ឋការយួនព្រៃនគរ ហាក់បីមានការយកចិត្តទុកដាក់ ពួកអ្នកកាន់អំណាចថ្មី របស់ក្រុងភ្នំពេញ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ក្នុងនយោបាយអូសទាញ ដើម្បីរួមគ្នា ជារណសិរ្សមួយ ក្នុងការវាយប្រហារ មកលើពួកយៀកកុង វៀតណាមខាងជើង តែក្រោយមកដោយផលប្រយោជន៍សួនតួ និងជាសម្ភាធយុទ្ធសាស្ត្រផង ពួក Thieu+Ky ក៏បានបង្កើតឱ្យ មានករណីលំបាក ឧបសគ្គ ដូចពួកយួន កាន់អំណាចមុន NGO Dinh Diem អញ្ជឹងដែរ វៀតណាម ទាំងពីរនេះ ទាំងយួនកម្មុយនិស្ត ទាំងយួនសេរី មានចរិតឧបាយកល ធ្វើបាបខ្មែរដូចគ្នា ដោយយកដងទន្លេមេគង្គ ធ្វើជាចំណាប់ខ្មាំងក្នុងការសម្ភាធមកលើខ្មែរ ។
ទាំងអស់នេះហើយ ដែលជាសហនិមិត្ត ហេតុនយោបាយ និងក៏ជាបច្ច័យមួយ ដ៏អាក្រក់របស់វៀតណាម គឺនៅពេលដែល ទំនាក់ទំនង រវាងក្រុងភ្នំពេញ ជាមួយក្រុងព្រៃនគរ ឬជាមួយក្រុងហាណូយ មានភាពរអាក់រអួល មិនរលូនលើប្រការណាមួយនោះ គឺទាំងវៀតណាមខាងត្បូង និងវៀតណាមខាងជើង ឥតបានគោរពនូវអ្វី ដែលពួកខ្លួនបានសន្យា និងចុះហត្ថលេខា ជាមួយអាជ្ញាធរកម្ពុជាឡើយ។
នៅមុនបណ្តាឆ្នាំ ១៩៦៤ ទស្សនៈដ៏សារវន្តរបស់កម្ពុជា ពាក់ព័ន្ធដល់ បញ្ហាព្រំដែននៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម គឺកម្ពុជា នៅតែមានគំនិតទាមទារ ឲ្យវៀតណាម ប្រគល់សង នូវ ខេត្តចំនួន៦ ភាគខាងត្បូងនិងកោះត្រល់ មកឲ្យកម្ពុជាវិញ ។
(នៅមានភាគបន្ត)
បងប្អូន ជនរួមជាតិទាំងអស់ ពេលយល់អំពីផលនិងហេតុ ទើប មើលឃើញ ភាពឈ្លាសវៃ បុិន ប្រសព្វ គតិបណ្ឌិត និងគុណបំណាច់ ដ៏ធំធេងរបស់តេជោសែន ក្នុងការយកជីវិតធ្វើ ជាដើមទុន ក្នុងការពុះពារ តស៊ូ កកើត ឲ្យបាននៅព្រែកជីក «ហ្វូណនតេជោ» ដើម្បី ផលប្រយោជន៍យូរអង្វែង និង យុទ្ធសាស្ត្ររបស់ខ្មែរ សំរាប់ខ្មែរ និង ដើម្បីខ្មែរ។
ទាំងអស់នេះ ជាសក្ខីកម្មមួយ បញ្ជាក់ឲ្យឃើញថា ការសំរេចជីក ព្រែកជីក «ហ្វូណនតេជោ»គឺជា គតិបណ្ឌិតមួយ ដ៏ជ្រាលជ្រៅបំផុត របស់តេជោសែន ក្នុងការធ្វើឲ្យខ្មែរ លែងពឹងពាក់រណបបរទេស ក្នុងការសុំផ្លូវដើម្បីរស់ ខ្មែរឯករាជ្យម្ចាស់ការ មិងដកដង្ហើមតាមគេទៀត។
ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ