ព័ត៌មានជាតិ

ក្រុមការងារ គណបក្សប្រជាជនកម្ពុជា នៅខេត្ត៣ នៃប្រទេសជប៉ុន អបអរសាទរ ខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្ស

ជប៉ុន: ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន លោក ទុយ រី បានប្រារព្វពិធីអបអរសាទរ ខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលកម្មវិធីនេះធ្វើឡើង ក្នុងខេត្តសៃតាម៉ា ប្រទេសជប៉ុន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។

លោកស្រី ខោ សុផាន់ណារ៉ា  ជាប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំនៅខេត្តសៃតាម៉ាក់ប្រទេសជប៉ុនបានលើកឡើងថា ក្នុងនាមយុវជន សូមសម្តែង នូវការគោរព និងដឹងគុណជាទីបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលតែងតែគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សបានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញ បេសកកម្មបម្រើជាតិរយៈពេល ៤៣ឆ្នាំមកនេះ។

លោកស្រីលើកឡើងថា “នៅក្នុងឱកាសនេះនាងខ្ញុំ សូមលំឱនកាយគោរពដល់ដួងវិញ្ញាណក្ខ័ន្ធរបស់បុព្វការីជន វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏ច្រើនឥតគណនានៅគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចបំផុត ដើម្បីឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី និងសុភមង្គលរបស់មាតុភូមិ និងប្រជាជន”។

លើសពីនេះ លោកស្រី បន្តថា  យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាព និងគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីកសាង និងការពារប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង និងស្ថិតស្ថេរគង់វង្សជារៀងរហូត។

សម្រាប់ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន បានមានប្រសាសន៍ថា មានតែគណបក្ស ប្រជាជន កម្ពុជា ដែលបានរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម ។

ក្នុងរយះពេល៤៣ឆ្នាំកន្លងមកនេះក្រោមការដឹកនាំគណបក្សប្រជាជន កម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសជាតិរីកចម្រើនល់ើគ្រប់វិស័យទាំងអស់ ។

លោកឯកអគ្គរាជទូត ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣ ។

លោកបន្ថែមថា កុំភ្លេចគណបក្សប្រជាជន កម្ពុជា ដែលមានលេខរៀង១៨ មានរូបសញ្ញាទេវតា បាចផ្កា​ ជាសម្គាល់ ។

ទិវាគម្រប់ខួបលើកទី៧២ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ។

គណបក្សមានប្រភពកើតចេញពីចល នាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់រាល់ឧបសគ្គច្រើនរាប់មិនអស់នៅលើកំណាត់ផ្លូវយ៉ាងវែង និងបត់បែនបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា រហូតធ្វើឲ្យប្រទេសជាតិ និងប្រជាជនទទួលបានសន្តិភាព និងមានការអភិវឌ្ឍប្រកបដោយមោទនភាពនាពេលបច្ចុប្បន្ននេះ។

To Top