ព័ត៌មានជាតិ

កម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការ ជាមួយដៃគូនានា

រូបភាព៖ តេឡេក្រាមក្រសួងការងារ

ភ្នំពេញ៖ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ។

ការប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃ មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់ សាមគ្គីភាពការងារអន្តរជាតិ (ACILS) នាថ្ងៃ៤ កក្កដា។

ភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាពវិស័យការងារ ការលើកកម្ពស់សុខភាព និងសុវត្ថិភាពកម្មករនិយោជិត និងការជំរុញការនាំចេញផលិតផល វាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។ ភាគីទាំងពីរបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមួយដែលផ្ដល់សច្ចាប័ន ច្រើនជាងគេសម្រាប់អនុសញ្ញារបស់អង្គការ ILO ហើយមានតែប្រទេសកម្ពុជាទេ ដែលមាននាយករដ្ឋមន្ត្រីចុះជួប ជាមួយកម្មករ-កម្មការិនីផ្ទាល់ និងបានដោះស្រាយបញ្ហាយ៉ាងច្រើនជូនពួកគាត់។

ដោយមើលឃើញពីវឌ្ឍនភាពបែបនេះហើយ ទើបលោក វីល្លៀម ខន់គ្លីន មានបំណងស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ ដោយហេតុថា អនុស្សរណៈដែលកំពុងសហការអនុវត្តបច្ចុប្បន្ននេះ នឹងត្រូវផុតសុពលភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះហើយ។ ក្រសួងកនិងមជ្ឈមណ្ឌល ACILS បានចុះអនុស្សរណៈយោគយល់គ្នាចំនួន ២លើកមកហើយ ដោយលើកទី១ ចុះហត្ថលេខានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មានសុពលភាពរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ (សុពលភាព៣ឆ្នាំ) និងលើកទី២ ចុះហត្ថលេខានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានសុពលភាពដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ (សុពលភាព២ឆ្នាំ)។ អនុស្សរណៈលើកទី២នេះ ត្រូវបានបងើ្កតឡើងក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការ បច្ចេកទេសរវាងក្រសួងការងារ និងមជ្ឈមណ្ឌល ACILS ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ ពាក់ព័ន្ធវិស័យការងារ ទៅតាមតម្រូវការជាក់ស្តែង ។

លោក វីល្លៀម ខន់គ្លីន បញ្ជាក់ទៀតថា ប្រសិនបើអនុស្សរណៈយោគយល់គ្នាថ្មី ត្រូវបានបន្តមែននោះ លោកក៏ចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិត ប្រាក់ឈ្នួលអប្បរមា របបសន្តិសុខសង្គម កិច្ចគាំពារមាតុភាព ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនផ្លូវភេទនៅកន្លែងការងារ និងការប្រែប្រួលអាកាសធាតុ ជាដើម។

លោក អ៊ិត សំហេង បានឆ្លើយតបវិញថា បន្ទាប់ពីមានការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ហើយនោះ ក្រសួងការងារនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS និងដៃគូនានាផ្សេងទៀត ដើម្បីអនុវត្តគោលនយោបាយដែលបានដាក់ចេញ ដូចអ្វីដែលបានលើកឡើងខាងលើ។ បើតាមលោក អ៊ិត សំហេង ក៏បានស្នើដល់ដៃគូនានាជួយផ្សព្វផ្សាយពីវឌ្ឍនភាព ពីលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើននៃការបញ្ជាទិញ និងការនាំចេញ។

គួរជម្រាបថា មជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើ ការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈ ដែលមានឥទ្ធិពលទៅលើនិយោជិត។ ACILSជាអង្គការឯករាជ្យមួយមិន ចំណុះរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ ៕

To Top